• Today is: Monday, September 23, 2019

“កាកី”…ទស្សនៈថ្មី

Phina So
April09/ 2017

នៅលើកន្ទេលកក់ពណ៌ស្ករត្នោត មានមនុស្សត្រៀមត្រា ភាគច្រើនសុទ្ធតែមនុស្សវ័យក្មេង បានអង្គុយរង់ចាំទស្សនាល្ខោនយីកេ រឿង “កាកី” នារាត្រីទី១ នៃបុណ្យភូមិ ដែលប្រព្រឹត្តទៅនៅវត្តទួលក្រសាំង។ រឿង “កាកី” បានសម្តែងដោយក្រុមសិល្បៈយីកេអមតៈ តម្លើងរបាំដោយអ្នកគ្រូ អ៊ុយ លតាវណ្ណ (អ្នកតម្លើងរបាំ និងជាប្រធានក្រុមយីកេអមតៈ) និងបានឧបត្ថម្ភការហាត់សម ដោយអង្គការសិល្បៈខ្មែរអមតៈ។ គ្រប់គ្នាបានរង់ចាំយ៉ាងអន្ទះសារ នៅក្រោមមេឃ ដ៏សែនខ្មៅ និងត្រជាក់ល្មម បន្ទាប់ពីភ្លៀងមួយមេមក។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងពិព័រណ៌នា អំពីទិដ្ឋភាពទូទៅនៃការសម្តែង, ទស្សនៈចំពោះខ្សែរឿងល្ខោនយីកេ “កាកី” និងប្រតិកម្មរបស់ទស្សនិកជន។

ហោមរោង (រូបថត៖ សូ ភីណា)

ឆាកសម្តែងដ៏តូចល្មម មានការរៀបចំទុកដាក់បានយ៉ាងល្អ។ មានគ្រែ ដែលមានផ្កាឈូកពណ៌សមួយ នៅចំកណ្តាលឆាក។ សម្លៀកបំពាក់ និងការតុបតែងរបស់តួសម្តែង ក៏សក្តិសមឥតខ្ចោះ ដែលក្នុងនោះ ការតុបតែងរបស់គ្រុឌ ដែលជាតួអង្គសំខាន់មួយ គឺស្រស់ស្អាត និងមានលក្ខណៈទាក់ទាញជាងគេ។ ទស្សនិកជនបានអង្គុយផ្ទាល់នឹងកន្ទេល ដែលបានរៀបចំយ៉ាងមានរបៀបរៀបរយ ដោយក្រុមអ្នករៀបចំបុណ្យភូមិ។ អ្វីដែលគួរឲ្យសរសើរនោះគឺ គេមិនឃើញមានអ្នកពាក់ស្បែកជើងអង្គុយលើកន្ទេល ដែលនាំឲ្យប្រឡាក់នោះឡើយ។ មានបុរសវ័យជំទង់បួនប្រាំនាក់ បានញែកកន្លែងរបស់ពួកគេ ឲ្យខ្ញុំ និងមិត្តរួមការងារម្នាក់ទៀត បានអង្គុយសមរម្យ។ ទិដ្ឋភាពបែបនេះ គឺល្មមនឹងអាចទស្សនាល្ខោនយីកេដ៏ល្អឯក ដោយគ្មានទោមនស្ស។

ខ្សែរឿង “កាកី” គឺបានផ្តើមឡើងដោយ ឈុតនាងកាកី​ (ភាសាបាលីប្រែថា “ក្អែកញី”) បានចាប់កំណើតពីផ្កាកាណិកា ហេតុដូចនេះហើយ បានជានាងមានក្លិនខ្លួនក្រអូបឈ្ងុយឈ្ងប់ជាប់ប្រាណ។ នាងមានសម្រស់ស្រស់លើសស្រីនានា។ បន្ទាប់មក មានស្តេចមួយអង្គនាម ព្រហ្មទត្ត បានចាប់ប្រតិព័ទ្ធលើនាងកាកីយ៉ាងខ្លាំង។ ស្តេចក៏បានសុំការអនុញ្ញាតិពីតាឥសី ដើម្បីសុំយកនាងទៅព្រះនគរ និងបានសន្យាថា នឹងថែរក្សានាង លើកនាងជាព្រះមហេសី លើសអស់ស្រីស្នំទាំងពួង។ នៅពេលដែលតាឥសីបានព្រមព្រៀងរួចហើយ នាង “កាកី” ពុំសប្បាយចិត្តឡើយ។ តែដោយមិនអាចប្រឆាំងបាន នាងក៏បានសម្រេចចិត្តទៅតាមស្តេចព្រហ្មទត្តទាំងទើសទាល់។ ឈុតបន្ទាប់មកទៀត ស្តេចគ្រុឌដ៏ស្រស់សង្ហារ បានចាប់ពង្រាត់ នាង “កាកី” ពីស្តេចព្រហ្មទត្តទៅ។ តាមការលួងលោមរបស់ស្តេចគ្រុឌ និងដោយខ្លួនគ្មានទីពំនាក់ផង នាង “កាកី” ក៏ព្រមស្រឡាញ់ស្តេចគ្រុឌ។

ឈុតស្តេចគ្រុឌលួងលោមនាងកាកី​ ( រូបថត៖ សូ ភីណា)

ថ្លែងពីស្តេចព្រហ្មទត្ត បន្ទាប់ពីបាត់បង់ នាងកាកី មក ព្រះអង្គបានបញ្ជារឲ្យអាមាត្រជំនិតម្នាក់ ឈ្មោះ “គន្ធ័ន” ទៅតាមចាប់ នាង “កាកី” មកវិញ។ បើយោងតាម ទំព័រ Facebook “អក្សរសិល្ប៍ខ្មែរ” បានឲ្យដឹងថា គន្ធ័ន ជាមនុស្ស ដែលមានវិជ្ជាសិល្ប៍ច្រើនយ៉ាង រួមទាំងកំណាព្យ និងស្មូតយ៉ាងពូកែផង។ នៅពេល គន្ធ័ន ទៅដល់ នាយបានប្រាប់ នាង “កាកី” ថា ស្តេចព្រហ្មទត្ត​មិនអាឡោះអាល័យដល់នាងឡើយ ហើយព្រះអង្គបានបញ្ជារឲ្យនាយ មកសម្លាប់នាង។ នាយគន្ធ័នក៏បានចាប់បង្ខំនាងកាកីនាពេលនោះទៅ។ ក្រោយមកគន្ធ័ន ក៏មកទូលពិតកុហកស្តេច អំពីអំពើភិតក្បត់របស់នាងកាកី ជាមួយស្តេចគ្រុឌ និងនាយ។ រឿងនេះ ក៏បានដឹងដល់ស្តេចគ្រុឌ។ គ្រុឌបានក្រោធខឹងនឹងនាងកាកីជាខ្លាំង ហើយបានបណ្តេញនាងចេញពីឋានគ្រុឌ។ ឈុតចុងក្រោយ ស្តេចព្រហ្មទត្តបានបញ្ជារឲ្យគេយកនាងកាកីទៅសម្លាប់ ដោយដាក់បណ្តែតតាមពោងពាយឲ្យស្លាប់ បើទោះបីជានាងបានអង្វរ និងប្រាប់ពីរឿងរ៉ាវពិត ដែលបានកើតឡើងមកលើរូបនាង យ៉ាងអយុត្តិធម៌យ៉ាងណាក៏ដោយ។

ឈុតគន្ធ័នច្រៀង​ចាប៉ីដៀមដាមឲ្យគ្រុឌ (រូបថត៖ សូ ភីណា)

ភាគច្រើននៃប្រជាជនកម្ពុជាស្គាល់រឿងកាកី។ តាមរយៈស្នាដៃអក្្សរសិល្ប៍របស់ព្រះបាទអង្គឌួង គេស្គាល់ថា កាកីជាស្រី ដែលមានប្រុស ឬប្តីច្រើន ជាស្រីដែលមានចិត្តសាវ៉ា មិនស្មោះត្រង់ មិនស្កប់ស្កល់។ តែរឿងយីកេ “កាកី” ដែលបានសម្តែងនៅបុណ្យភូមិនាឆ្នាំនេះ បានឆ្លុះបញ្ចាំងពីទស្សនៈថ្មី អំពីនាងកាកី។ រឿងនេះ បានបង្ហាញពីជីវិតកំព្រា ទន់ខ្សោយ ភាពងាយរងគ្រោះ និងការបំពានយាយី ពីសំណាក់បុរសទាំងបីនាក់ (ស្តេចព្រហ្មទត្ត គ្រុឌ និងនាយគន្ធ័ន) មកលើរូបនាង។ តាមរយៈរឿង “កាកី” នេះ ទស្សនិកជនបានមើលឃើញ អំពីភាពអយុត្តិធម៌ ដែលកាកីជាស្រីទន់ខ្សោយម្នាក់ បានព្យាយាមគេចវេស តែជៀសមិនរួច។ គ្រប់គ្នា រួមទាំងតាឥសីផងដែរ ចាត់ទុករូបនាងជាវត្ថុ ដែលត្រូវបញ្ជូនបន្ត ពីម្នាក់ទៅម្នាក់យ៉ាងអមនុស្សធម៌បំផុត។ អ្នកអាន ឬទស្សនិកជនយីកេ នឹងបានមើលឃើញនូវទង្វើរបស់បុរសទាំងបី  ដែលនៅតែប្រើប្រាស់អំណាច និងកម្លាំងរបស់ខ្លួន ប្រព្រឹត្តបំពានទៅលើស្រ្តីទន់ខ្សោយម្នាក់។

ចំណុចមួយ ដែលទាមទារឲ្យមានការជជែកពិភាក្សា អំពីនាងកាកី និងបុរសទាំងបី។ ស្តេចព្រហ្មទត្ត មានស្រីស្នំច្រើនរាប់មិនអស់ បែរជាទោមនស្ស នឹងនាងកាកី ដែលគ្រាន់តែត្រូវបានគ្រុឌលួងលោមស្នេហា និងត្រូវបានបោកបញ្ឆោត និងគំរាមកំហែងដោយគន្ធ័ន។ លើនេះទៀត មតិមួយចំនួន ដែលតែងតែលើកឡើងថា កាកី ជាស្រីមិនល្អ ដោយសារនាងមានប្រុសច្រើន។ មតិខាងលើនេះ ជាមតិរឹតត្បិតសិទ្ធិ ក្នុងការជ្រើសរើសដៃគូ និងរើសអើងមិនស្មើភាពទៅលើស្រ្តី។ បើទោះបីជានាងកាកី បានស្ម័គ្រស្មោះ ព្រមស្រឡាញ់បុរសទាំងនោះ វាខុសដែរឬ បើនាងគ្រាន់តែបង្ហាញពីអារម្មណ៍ និងតម្រូវការផ្លូវភេទរបស់នាង?  ហេតុអ្វីបានជាគេ គ្រប់គ្នាបន្ទោសនាង បែរជាមិនចោទសំណួរដូចគ្នាទៅបុរសទៅវិញ?

អ្នកខ្លះទៀតនឹងសួរវិញថា ចុះបើនាងស្ម័គ្រស្មោះ នឹងប្តី ហេតុអ្វីបានជានាងព្រមនឹងគ្រុឌ និងគន្ធ័ន? ដើម្បីឆ្លើយនឹងសំនួរនេះ គេទាមទារឲ្យសិក្សាអំពីស្ថានភាពរបស់នាងកាកី​ នាពេលនោះ។ នៅពេលដែលនាង នៅលើស្ថានគ្រុឌ ដែលនាងគ្មានមធ្យោបាយអ្វីសោះ នឹងត្រលប់មកនគររបស់ព្រហ្មទត្តវិញ។ ម៉្យាងទៀត បើនាងមិនព្រមជាមួយគ្រុឌ យើងមិនដឹងទេថា តើនាងអាចនៅមានជីវិតបន្តទៀត។ ឈុតរបស់គន្ធ័ន បានបញ្ចាក់ពីកលកិច្ចអាក្រក់របស់នាយយ៉ាងច្បាស់ថា ការចាប់បង្ខំ និងបោកបញ្ឆោតបានប្រព្រឹត្តមកលើនាងកាកី និងទស្សនិកជនបានដឹងយ៉ាងច្បាស់ថា បើនាងមិនព្រមនឹងនាយ គន្ធ័ននឹងសម្លាប់នាងភ្លាម។ ស្ថានភាពនេះ គ្មានខុសអ្វីនឹងការរំលោភផ្លូវភេទទេ។

នៅទីបញ្ចប់ នាងកាកី​ ដែលជាជនរងគ្រោះនោះ នៅតែត្រូវបានគេដាក់ទោសដល់ស្លាប់ ខណៈដែលអ្នកប្រព្រឹត្តបំពានទាំងបីអ្នក នៅតែមិនមានទោសទណ្ឌដដែល។ ជារួម បើទោះបីជា ខ្សែរឿងនេះមានបញ្ជាក់ពីទស្សនៈថ្មី ស្តីពីភាពងាយរងគ្រោះរបស់កាកី និងកំហុសនានា របស់បុរសទាំងបី ក៏រឿងចុងក្រោយរបស់កាកី នៅតែជាស្រី ដែលគេដាក់ទោសដល់ស្លាប់។ តាមរយៈ ល្ខោនយីកេ “កាកី” ដែលបានសម្តែងនៅបុណ្យភូមិ បានឆ្លុះបញ្ចាំងពីការរងគ្រោះរបស់កាកី និងនិទណ្ឌភាព។​

សុជីវធម៌របស់ទស្សនិកជនមានលក្ខណៈល្អបង្គួរ។ ភាគច្រើន គឺអាចទទួលយកបាន ព្រោះមានទស្សនិកជនភាគច្រើន ជាទស្សនិកជនល្អ ដែលមិននិយាយគ្នាឮៗ មិនប្រើទូរស័ព្ទឆ្វេចឆ្វាច ពោលគឺមានសុជីវធម៌គួរឲ្យកត់សម្គាល់។ តែទោះជាយ៉ាងណាក្តី ការប្រើទូរស័ព្ទក្នុងពេលសម្តែង ដែលនាំឲ្យរំខានដល់អ្នកដទៃ ក៏នៅតែមាន។ ចំណែកឯការនិយាយស្តី ឮៗ និងការបញេ្ចញបញ្ចូលសម្តីឡកឡាយដាក់សាច់រឿង ក៏មាន។​

ប្រតិកម្មរបស់ទស្សនិកជនវិញ មានលក្ខណៈចម្រុះ ដែលពិបាកនឹងយល់។ ឈុតខ្លះ ដែលគួរតែមិនចូលចិត្ត តែទស្សនិកជននាំគ្នាហោរកញ្រ្ជៀវទៅវិញ។ ឧទាហរណ៍ នៅពេលស្តេចព្រហ្មទត្តចំអកឲ្យកាកី ដោយស្ទុះទៅអោបរឹតស្ត្រីស្នំ ដោយគ្មានអៀនខ្មាស និងស្រែកក្តែងៗថា ខ្លួនជាស្តេចផែនដី មានសិទ្ធិធំជាមេឃ និងមានស្នំរាប់មិនអស់ ទស្សនិកជនបាននាំគ្នាស្រែកហោរ ហាក់បីដូចជាគាំទ្រនឹងទង្វើរបស់ស្តេចព្រហ្មទត្តដូចនោះដែរ។ មិត្តរួមការងារម្នាក់ទៀត ក៏បានត្អូញត្អែរអំពីការប្រើប្រាស់ពាក្យមិនសមរម និងអសុរោះ ទៅលើឈុត “គ្រុឌលួងលោមនាងកាកី”។

សារុបមក ការសម្តែងរឿង “កាកី” នេះ គឺមានលក្ខណៈសក្តិសម ទាំងការសម្តែង សម្លៀកបំពាក់ និងការតុបតែងឆាក។ ទស្សនៈថ្មី ស្តីពីកាកី បានបង្កប់នូវការគិតបែបថ្មី ដែលបានឆ្លុះបញ្ចាំងអំពីអំពើរំលោភបំពាន ដោយបុរសទាំងបីនាក់ និងភាពងាយរងគ្រោះរបស់ស្រ្តីទន់ខ្សោយម្នាក់ (នាងកាកី) និងឈុតចុងក្រោយ បានបង្ហាញអំពីភាពអយុត្តិធម៌ ដែលស្រ្តីរងគ្រោះម្នាក់ ត្រូវទទួលទោស ពីភាពរងគ្រោះរបស់នាងទៅវិញ។ ទស្សនៈថ្មីនេះ សក្តិសមនឹងមានការជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ រវាងអ្នកពាក់ព័ន្ធនានា ដូចជាអ្នកនិពន្ធ យុវជនវ័យក្មេង អ្នកតម្លើងរបាំ ទស្សនិកជន អំពីផលប៉ះពាល់នៃរឿងកាកី មកលើយុត្តិធម៌សង្គម និងសមភាពយេនឌឺរ៕ ទស្សនិកជន គួរតែរក្សាភាពថ្លៃថ្នូរ និងសុជីវធម៌ខ្ពស់នៅទីសាធារណៈ ជាពិសេសការសម្តែងសិល្បៈវប្បធម៌។ ពួកគេគួរចៀសវាង ការនិយាយឮៗ ប្រើទូរស័ព្ទ ដោយប្រើពន្លឺខ្លំាង ដែលនាំឲ្យរំខានដល់ភាពសប្បាយរីករាយរបស់ទស្សនិកជនដទៃ។ សុជីវធម៌ទាំងនេះ នឹងឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូររបស់បុគ្គល និងសង្គមរបស់គេផងដែរ។