• Today is: Monday, September 23, 2019

ការប្រគំតន្រី យសោ!

Phina So
August20/ 2018

រាត្រីថ្ងៃអាទិត្យទី ១៩ ខែសីហា ជារាត្រីដ៏អស្ចារ្យមួយ ដែលក្រុមតន្រ្តី «យសោ» បានប្រគំ និងសម្តែង ដ៏គួរឲ្យរំភើប មិនស្ងើចសរសើរមិនបាន។ ការប្រគំតន្រ្តីនេះ បានពាំនាំមកដោយអង្គការសិល្បៈខ្មែរអមតៈ និងមជ្ឈមណ្ឌលបេតិកភណ្ឌប្រចាំខេត្តសៀមរាប។ ការប្រគំតន្រ្តីនេះ ជាលទ្ធផលផ្លែផ្កា បន្ទាប់ពីក្រុមយសោ បានធ្វើសិក្ខាសាលារួមគ្នាអស់រយៈ១៩ថ្ងៃកន្លងមក។ ក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់ពីព្រឹត្តិការណ៍នេះ។

(Photo credit: Jean-Baptiste PHOU)

នៅកន្លះម៉ោងមុនការសម្តែងចាប់ផ្តើម មានមនុស្សជាច្រើនបានឈររង់ចាំ​ នៅខាងមុខមជ្ឈមណ្ឌលបេតិកភណ្ឌរួចទៅហើយ។ ពេលគេដើរចូលមកក្នុងបរិវេណវត្ត គេឃើញមានភ្លើងទៀន និងក្រុមយុវជនវ័យក្មេងស្ម័គ្រចិត្តជាច្រើននាក់ បានលើកដៃសំពះ មុខញញឹមរីករាយយ៉ាងអស់ពីក្នុងចិត្ត និងមានមោទនភាព ឈររង់ចាំទទួលស្វាគមន៍ភ្ញៀវ ដែលធ្វើដំណើរមកទស្សនាការសម្តែង។ បដិសណ្ឋារកិច្ចនេះ ប្រាកដណាស់​ គឺពិតជាបានញ៉ាំងចិត្តភ្ញៀវ ឲ្យមានអារម្មណ៍កក់ក្តៅ និងកាន់តែអន្ទះសាររង់ចាំទស្សនាការប្រគំតន្រ្តីនេះបន្ថែមទៀត។

ពេលទ្វាររបើក ភ្ញៀវបានដើរចូល ដោយមិនភ្លេចដោះស្បែកជើងទុកនៅបញ្ជរទុកស្បែកជើងនោះទេ។ នៅខាងក្នុង គេឃើញមានឧបករណ៍តន្រ្តីបុរាណខ្មែរ ដែលត្រូវបានគេតម្រៀបនៅចំកណ្តាលសាល និងមានពូកអង្គុយនៅជុំវិញ។ គេឃើញមានរនាត ស្គរធំ ស្គរតូច ចាប៉ី គង ស្រឡៃ ឃឹម ។ល។

ការប្រគំតន្ត្រីនេះ មានលក្ខណៈប្លែកពិសេសខុសពីគេ។​ ទីមួយ តន្រ្តីករទាំងនោះ មានដកស្រង់បទចម្រៀងខ្មែរជាច្រើន មកកែច្នៃជាបទថ្មី ប្លែក និងមានចង្វាក់ទាក់អារម្មណ៍។ មានឈុតខ្លះ ខ្ញុំត្រូវបិទភ្នែក ផ្ចង់អារម្មណ៍ ស្រមៃដល់ដំណើរម្នាក់ឯង ដើរកាត់តាមស្មៅខ្ពស់ៗ ពណ៌ខៀវខ្ចី និងមានវាលធំឆ្ងាយ តាមជំរាលភ្នំដាច់កន្ទុយភ្នែកគួរឲ្យស្រណោះ។ បទខ្លះ គឺសឹងតែ​ទប់ចិត្តមិនលោតរាំមិនបានទៅហើយ។ កន្រ្ទាក់អារម្មណ៍ណាស់ គួរឲ្យចង់ទះដៃតាមណាស់។ មានពេលខ្លះទៀត ខ្ញុំ និងទស្សនិកជនដទៃទៀត មិនត្រឹមតែចូលចិត្តស្តាប់ប៉ុណ្ណោះទេ តែថែមទាំងទប់សំណើចមិនបាន នឹងការសម្តែងកំប្លុកកំប្លែង ប្រកបដោយភាពវ័យឆ្លាត របស់តន្រ្តីករ ដ៏មានទេពកោសល្យទាំងនោះផងដែរ។

ស្តាប់បណ្តើរ​​ ខ្ញុំចេេះតែគិតថា បើប្រទេសជាតិរីកចម្រើន សិល្បករមានលទ្ធភាព និងឱកាសបង្កើតស្នាដៃថ្មីៗបែបនេះ ចំណែកឯប្រជាជនក៏មានជីវភាពធូរធារ ម៉្លេះសមនឹងអ្នកគ្រប់គ្នា តុបតែងខ្លួន ស្លៀកពាក់ឆើតឆាយ រីករាយ ញញឹមញញែម មកអង្គុយជាមួយគ្នា កម្សាន្តអារម្មណ៍នឹងសិល្បៈបែបនេះមិនខាន។

ក្រៅពីការច្នៃប្រឌិតក្នុងការរំលេចសកម្មភាពរស់នៅសមញ្ញរបស់ជនជាតិកម្ពុជា តន្រ្តីករក៏បានបង្កឱកាសដល់ទស្សនិកជន ក្នុងការធ្វើអន្តរអំពីជាមួយវង់ភ្លេងផងដែរ។ មានឈុតមួយនោះ សិល្បករបានផ្អាក ហើយងាកទៅបញ្ចើចបញ្ចើរដាក់ទស្សនិកជន ទាល់តែមានការឆ្លងឆ្លើយគ្នា និងបង្កជាសំណើច ឬស្នាមញញឹមពីទស្សនិកជន ទើបគេបន្តប្រគំតន្រ្តីតទៅទៀត។

ទស្សនិកជនប្រមាណពីររយនាក់ បានអង្គុយជុំវិញវង់តន្រ្តីនេះ។ ក្រោយពីការប្រគំបានបញ្ចប់ គេមិនសូវឃើញមាន គេប្រញាប់ចេញទៅផ្ទះនោះទេ។ ពួកគេនៅបន្តថតរូបជាមួយសិល្បករ ស្ទើរតែកន្លះម៉ោងទៀត។ អ្វីដែលត្រេកអរផងដែរនោះគឺ បន្ទាប់ពីប្រកាសពី លោក សុង សេង នាយកមជ្ឈមណ្ឌលបេតិកភណ្ឌ សូមទទួលវិភាគទានពីទស្សនិកជន តែមួយរំពេចប៉ុណ្ណោះ ពួកយើងទទួលបានប្រាក់ជិតមួយរយដុល្លារឯណោះ។ ប្រការនេះ ពិតជាបានបញ្ជាក់ថា ប្រសិនបើមានការលក់សំបុត្រសម្រាប់ការប្រគំតន្រ្តីនាពេលអនាគត គឺប្រាកដជាមានការគាំទ្រ និងជោគជ័យមិនខាន។

ស៊ីណាត ដែលជាទស្សនិកជនម្នាក់ បាននិយាយថា «វាជាការប្រគំតន្រ្តីមួយ ដ៏គួរឲ្យរំភើប និងប្លែកមិនដែលឃើញមកពីមុន។ ខ្ញុំរីករាយខ្លាំង ដោយបានឃើញតន្រ្តីករមានសមត្ថភាព ពូកែ និងវ័យឆ្លាតក្នុងការផលិតតន្រ្តីថ្មី តែនៅប្រើឧបករណ៍តន្រ្តីបុរាណខ្មែរ។»

លោក អាន ចនផន ស្ថាបនិកអង្គការសិល្បៈខ្មែរអមតៈ ក៏បានចូលរួមទស្សនាការប្រគំតន្រ្តីនេះផងដែរនោះ បានបង្ហោះសាររំភើបរបស់លោក នៅលើទំព័រហ្វេសប៊ុក នារាត្រីថ្ងៃអាទិត្យនេះភ្លាមដែរ។ លោកបានសរសេរថា «វាជាការសម្តែងដ៏អស្ចារ្យ! មានអ្នកចូលរួមជាច្រើនកុះករ ដែលមានទស្សនិកជនខ្មែរច្រើនលើសលប់គួរជាទីរីករាយ។ យើងគួរតែយកតន្រ្តីនេះ ទៅសម្តែងនៅភ្នំពេញ។»

(Photo credit: Jean-Baptiste PHOU)