• Today is: Monday, September 23, 2019

កោះហាន ខេត្តស្ទឹងត្រែង

Phina So
January28/ 2017

ហូបបាយជាមួយមិត្តភក្តិមួយក្រុមតូចនៅលើកោះមួយដាច់ស្រយាល វាលខ្សាច់សក្បុស ដើមឈើមានឬសខ្ពស់ៗ និងមានទឹកពណ៌បៃតងនោះ មិនមែនកើតឡើងញឹកញាប់នោះទេក្នុងជីវិត។ រាប់ថាជាភ័ព្វសំណាងក៏ថាបានត្រង់ថា ក្រោមការរៀបចំគម្រោងយ៉ាងម៉ត់ចត់របស់មុយទៀង ពួកយើងទាំង៥នាក់ បានឡើងឡានហាយលែនឌឺរមួយ ឆ្លងកាត់ខេត្តក្រចេះនាថ្ងៃទី២១មករា ឆ្ពោះទៅខេត្តស្ទឹងត្រែង។ ស្ទឹងត្រែងជាខេត្តដែលស្ថិតនៅប៉ែកឦសាននៃប្រទេសកម្ពុជា និងមានព្រំប្រទល់ជាប់នឹងប្រទេសឡាវនាទិសខាងជើង ជាប់ខេត្តក្រចេះនិងកំពង់ធំនាទិសខាងត្បូង ជាប់នឹងខេត្តព្រះវិហារនៅទិសខាងលិច និងជាប់ខេត្តរតនគិរីនៅទិសខាងកើត។

ក្រោយពីបានស្នាក់នៅក្រុងស្ទឹងត្រែងមួយយប់ និងបរិភោគស៊ុបយ៉ាងឆ្ងាញ់ពិសានៅភោជនីយដ្ឋានមួយនាដងទន្លេមេគង្គ ថ្ងៃទី២២មករា ពួកយើងបានចេញដំណើរទៅតាមស្ពានសេកុងឆ្ពោះទៅរមនីយដ្ឋានបក្សីមេគង្គ។ មិនយូរប៉ុន្មាន ពួកយើងបានឡើងលើកាណូតតូចមូយ ដែលមានពណ៌ឆើតឆាយ និងអាចផ្ទុកមនុស្សបាន៦នាក់ សំដៅទៅកាន់កោះហាន ដែលជាកោះមួយក្នុងចំណោមរាប់រយកោះ ស្ថិតនៅក្នុងឃុំសាមគ្គី នៃខេត្តស្ទឹងត្រែង។ រយៈពេលធ្វើដំណើរពីបក្សីមេគង្គទៅកោះហានប្រើរយៈពេលប្រហែលជិតមួយម៉ោង។

អង្រឹងចងពីដើមឈើនៅបក្សីមេគង្គ (រូបថត៖ មុយទៀង)

ទេសភាពតាមដងទន្លេមេគង្គមានសភាពដើមពិតៗតាមបែបធម្មជាតិ។ ស្មៅនិងរុក្ខជាតិ រួមទាំងរុក្ខជាតិហូបផ្លែផងដែរ មានដុះត្រសងតាមដងទន្លេ។ បក្សីជាច្រើនបានផ្អើលហើរព្រោងនៅពេលបានឮសម្លេងសន្ធឹករបស់កាណូត។ តែប៉ុណ្ណេះ មនុស្សម្នាបាននាំគ្នាលើកយកម៉ាស៊ីនថតមកចុចថតមិនស្តាយក្រយៅដៃ។ ទឹកទន្លេដ៏ត្រជាក់បានបាចសាចមកប៉ះមុខយើងគ្រប់គ្នា។ ផ្ទៃមេឃពណ៌ខៀវស្រឡះ មានពពកពណ៌ស ចាំងថ្លានឹងទឹកទន្លេ ដែលហូរទៅតាមកម្លាំងបក់បោករបស់កាណូត។ យើងទន្ទឹងចង់ឃើញកោះហានឱ្យកាន់តែឆាប់។

A group of island along the Mekong River (Photo: So Phina)

មិនខុសពីការស្មាន គឺកោះហានពិតជាស្រស់ស្អាតមែន។ ឆ្នេរខ្សាច់សក្បុសនិងមានពណ៌លាយទឹកមាស ទឹករាក់ៗ រួមទាំងដើមឈើប្រកបដោយឬសក្រាស់ឃ្មឹកនៅចំពោះមុខរបស់យើង។ យើងបានយកម្ហូបម្ហានំចំណីចេញដើម្បីធ្វើម្ហូប។ ប្រុសៗបាននាំគ្នាបង្កាត់ភ្លើង និងដាំបាយ។ ឯស្រីៗនាំគ្នាធ្វើម្ហូប។ យើងបានដុតត្រីឆ្ពិនមាសនឹងភ្នក់ភ្លើង ហើយហូបវាជាមួយផ្កាស្តៅនិងទឹកត្រីអំពិលទុំ។ វាឆ្ងាញ់ខ្លាំងណាស់។ ពេលហូបហើយ យើងងងុយគេងគ្រប់គ្នា។ សមនឹងមានអង្រឹងចងរួចស្រាប់ នៅលើទឹកដ៏ថ្លាយង់ បាននាំពួកយើងឱ្យលក់លង់នឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៃកោះនេះ។

ទិដ្ឋភាពរុក្ខជាតិនៅលើកោះហាន (រូបថត៖ Tek Muy Tieng)

(Photo: So Phina)
(Photo: So Phina)

ទូកកាយ៉ាក់ដ៏ឆើតឆាយចម្រុះពណ៌បានរង់ចាំពួកយើងធ្វើដំណើរទៅកាន់កោះមួយផ្សេងទៀត ដែលពួកយើងត្រូវទៅបោះតង់ដេកនៅទីនោះ។ ការចែវទូកកាយ៉ាក់ជាបទពិសោធន៍មួយថ្មីសម្រាប់ពួកយើង តែវានឿយហត់ខ្លាំងណាស់ ដែលយើងត្រូវអុំទូកកាត់ទឹកទន្លេមេគង្គដែលហូរខ្លាំង។ តែការអុំបណ្តោយទឹកបានជួយយើងច្រើន បើទោះបីជាយ៉ាងណាក៏យើងត្រូវតែកាច់ចង្កូតដើម្បីឱ្យទូកទៅតាមទិសដៅ ដែលយើងត្រូវទៅ។ ពួកយើងបានអុំទូកចូលព្រៃតែញយ។ តែវាបានបង្កើតបរិយាកាសរីករាយ និងសំណើចយ៉ាងក្អាកក្អាយទៅវិញ។ សុវត្ថិភាពជាចំបង។ ពួកយើងបានពាក់អាវពោងគ្រប់ៗគ្នា និងបានទុកទូរស័ព្ទដោយឡែក ដើម្បីកុំឱ្យយើងបាត់បង់ការផ្ចង់អារម្មណ៍ក្នុងការអុំទូក។ យើងបានឈប់សម្រាកនៅលើកោះមួយទៀត ដែលមានវាលខ្សាច់សថ្លានិងចាំងរស្មីដូចគ្រាប់ពេជ្រ។

Ready to go along the Mekong River

My Kayak team mate: Keo Borint

ពេលមកដល់កោះមួយទៀត យើងក៏បានរៀបចំធ្វើម្ហូប។ តែក្រោយបន្តិចទើបដឹងថា យើងត្រូវបាននាំទៅកោះផ្សេងពីកោះដែលយើងត្រូវបោះតង់។ ព្រះអាទិត្យបានលិចបន្តិចម្តង! សត្វទាំងហ្វូងៗ បានហើរឆ្វែលចុះឆ្វែលឡើង ម្តងទៅជើង ម្តងតម្រង់ទៅទិសខាងត្បូង ដើម្បីស្វែងរកទ្រនំ។ អ្នកនាំផ្លូវបាននិយាយលេងថា «ប្រហែលជាមិនមានផ្ទះសំណាក់ស្នាក់នៅហើយមើលទៅ ទើបពួកវាហើរត្រលប់មកវិញដូចនេះ»។

ពេលទៅដល់កោះ តង់របស់យើងបានតម្លើងរួចទៅហើយ។ កន្ទេលក៏ត្រូវបានក្រាលដើម្បីរៀបចំហូបបាយ។ ពេលយប់បន្តិច ផ្កាយក៏ចាប់ផ្តើមរះព្រោងព្រាតពាសពេញមេឃ។ ទិដ្ឋភាពដូចនេះ គឺកម្របានឃើញណាស់សម្រាប់អ្នករស់នៅក្នុងទីក្រុងភ្នំពេញ។ ភ្លើងអគ្គិសនីបានលប់បំបាត់ពន្លឺផ្កាយអស់ទៅហើយ។ នៅភ្នំពេញ យើងមិនដឹងទេថា តើខែណាជាខែងងឹត ឬខែភ្លឺនោះទេ។

The island we did camping
Photo: Tek Muy Tieng

សម្លេងច្រៀងផ្តោះផ្តង និងសម្លេងរបស់ហ្គីតារបស់យុវវ័យមួយក្រុមទៀត ធ្វើឱ្យបរិយាកាសកាន់តែអន្លង់អន្លោចថែមមួយកម្រិតទៀត។

ទេសភាពនៃបណ្តាកោះរបស់ខេត្តស្ទឹងត្រែងពិតជាស្រស់ស្អាតមែន។ សក្តានុពលទេសចរណ៍ធម្មជាតិមានទំហំធំធេងសម្រាប់ខេត្តនេះ តែវាទាមទារឱ្យមានការគិតគូរជាពិសេសសម្រាប់បរិស្ថាន។

(Photo credit: So Phina)
Wefi (Photo: Tek Muy Tieng)

Sunset as seen from the boat (Photo: So Phina)

This blog post describes my trip to Stung Treng, a Northeastern province, last weekend with my lovely former CDRI colleagues. We spent a night camping on an island. Without electricity and city comfort, we truly felt and enjoyed the untouched natural beauty of the island, the sand, and the river. We saw thousand stars on the uninterrupted sky at night time. The nearly dawn moon was perfect to smile at. The sand was just as white as the cloud. The flowing river was fresh and cold that ones never want to miss its healing power.

We played our favorite game ‘Tieng Len’ and bet. I won the most 🙂 We told jokes all way round. We took hundreds of photos.

There are two conflicted thoughts though. One was like there should be more Cambodian people to visit this beauty and to feel proud that this country is as beautiful as Sweden. No less than other. However, another thought was that this beauty should be hidden from the eyes of people so that its freshness and pure beauty will never be touched and polluted.

A night spent on a tent on the sand of the Mekong River was a million dollar worth.