• Today is: Monday, September 23, 2019

គ្មានវាចារនឹងថ្លែង

Phina So
April02/ 2016

ពាក្យថា គ្មានវាចារនឹងថ្លែង គឺសំដៅលើសកម្មភាព ឬទង្វើអ្វីមួយ ដែលអាក្រក់ហួសហេតុ ឈ្លើយ ចាកប្រាសពីសេចក្តីល្អ ដែលមិននឹកស្មានថា មានសកម្មភាព ឬ ទង្វើនោះកើតឡើងបាន។

បន្ទាប់ពីបានអានប្លុក A Dose of Cath និងចម្រៀងវីដេអូចេញថ្មីរបស់ ពាក់ មី ដែលមានចំណងជើងថា «អាមុំពុំពីត» ហើយ ទើបខ្ញុំដាក់ចំណង​ជើងប្លុកនេះថា «គ្មានវាចារនឹងថ្លែង»។

ខ្ញុំក៏បានចុចមើលវីដេអូចម្រៀងតាម​YouTube និងបានឃើញនូវចំណុចមិនគាប់បីមួយចំនួន និងនឹកអនិច្ចារដល់ក្មេងៗ ដែលមិនទាន់មានការគិត ទូលំទូលាយដូចមនុស្សពេញវ័យ ដែលនឹងអាចធ្វើត្រាប់តាម និងគិតថា​ចំណុចមិនប្រពៃទាំងនោះថាជារឿងធម្មតា។ មិនទាន់ទាំងបានសរសេរប្លុកអំពី ចម្រៀងនេះផង ស្រាប់តែកូនៗខ្ញុំ ប្រាប់ថាអ្នកគ្រូបង្រៀនវាចាក់ឲ្យស្តាប់ និងរាំរួចបាត់ទៅហើយ។

ចំណុចដែលខ្ញុំគិតថាមិនគប្បីដូចជា៖

១.​ ការសម្តែងដោយបុរសមួយក្រុម នាំគ្នាទៅលួចមើលស្ត្រីម្នាក់ចូល បង្គន់ ឬបន្ទប់ទឹកៈ ខ្ញុំមិនយល់ទាល់តែសោះថា អ្នកដឹកនាំ និងទាំងអ្នកសម្តែង​មិនអាចបែងចែក ការលួចមើលគេចូលបន្ទប់ទឹក ឬបង្គន់នេះវាខុស ឬត្រូវ។ តើវាសមដែរឬទេ ដែលមនុស្សប្រុសមួយក្រុមនេះ នាំគ្នាបបួលគ្នា ទាំង ងងឹតងងល់ លឹបលៗ រុញគ្នាទៅវិញទៅមក ដើម្បីបានទៅលួចមើលស្រ្តីម្នាក់?​ ទង្វើនេះ នាំឲ្យកុមារតូចៗ ដែលបានមើល អាចនឹងគិតថា ការនាំគ្នា មួយហ្វូង ទៅលួចមើលគេបែបនេះ ជាសកម្មភាពធម្មតារបស់មនុស្សប្រុសចំពោះមនុស្សស្រ្តី។ ការទៅលបលួចមើលគេ នៅពេលដែលគេបន្ទោរបង់ ឬងូតទឹក គឺគ្មានអ្វីក្រៅពីទៅលួចមើលកេរ្តិ៍ភេទរបស់គេនោះទេ។ គួរឲ្យសោកស្តាយជាពន់ពេក។

២. ចំណងជើងនៃចម្រៀងនេះ វារឹតតែធ្វើឲ្យខ្លោចផ្សារណាស់ទៅទៀត។ បើទោះបីជាគ្មានពាក្យថា «ពុំពីត» នៅក្នុងវចនានុក្រមខ្មែរ ក៏មនុស្សភាគ​ច្រើនដឹងថាពាក្យនេះគឺសម្តៅលើប្រដាប់ភេទស្រ្តីដែរ។ តើអ្នកនិពន្ធបទចម្រៀង អ្នកចម្រៀង អ្នកដឹកនាំសម្តែង មានបានយកគិតទេថា វាមានការប៉ះពាល់ប៉ុណ្ណា? ហេតុអ្វីបានជាយកប្រដាប់ភេទរបស់ម្តាយ ប្រពន្ធ និងបងប្អូនស្រ្តីខ្លួនឯងមកតែងលេងដូច្នេះ?

៣. ម្ចាស់ប្លុក A Dose of Cath រៀបរាប់បានល្អណាស់ អំពីកាយវិការនៃឈុតមួយ ដែលមានបុរសមួយក្រុម កំពុងជុំគ្នាហូបផ្លែឈើម្យ៉ាង ហើយ​គប់ផ្លែឈើនោះ ទៅនឹងផ្លូវថ្នល់ យ៉ាងគ្មានសណ្តាប់ធ្នាប់ និងគ្មានសុជីវធម៌។ ខណៈនោះ ក៏មានស្រ្តីម្នាក់ដើរមកដល់ ហើយជាន់សំបកផ្លែឈើនោះ បណ្តាលឲ្យក្រឡាច់ជើងដួល។ ក្រុមបុរសនោះ មិនសូមទោសទេ តែបែជានាំគ្នាសើច ហើយធ្វើកាយវិការហាក់ដូចជាឃើញចំណីរបស់ខ្លួន។ កាយវិការនោះស្តែងបង្ហាញថា «នាងជារបស់អញ…មិនអាចរួចពីដៃអញទេ…» ភាសាអង់គ្លេសថា creepy!

អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមម្នាក់បានបញ្ជាក់ប្រាប់ខ្ញុំថា បទចម្រៀងនេះ ខ្វះការគោរពចំពោះមនុស្សស្រី និងបង្ហាញពីភាពខ្វះសេចក្តីថ្លៃថ្នូរ​របស់​​បុរស​ផងដែរ។ នារីម្នាក់ទៀតប្រាប់តែមួយម៉ាត់ថា៖ «មិនអាចទទួលយកបាន»។ ខ្ញុំគិតថា មិនមែនមានតែខ្ញុំជាស្រ្តី ដែលគិតថាទង្វើនេះ ជាទង្វើអសីលធម៌ប៉ុណ្ណោះទេ គឺបុរសផងដែរ ដែលគិតថា ចម្រៀងកាយវិការនេះ ធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងសុជីវធម៌សង្គមរបស់បុរស។ កវីខ្មែរម្នាក់ ក៏បានបង្ហាញថា៖ ចម្រៀងនេះអាចមានឥទ្ធិពល​អាក្រក់ដល់សង្គម។

ស្រដៀងនឹងចម្រៀងដ៏អសុរស​នេះ កម្មវិធីកំប្លែងប្រចាំសបា្តហ៍របស់ទូរទស្សន៍ស្ទើរតែទាំងអស់ បានបង្កប់នូវពាក្យចំអេសចំអាស់ វាយតប់ ទាត់ធាក់ ខោកក្បាល ជេរ ស្រែកជំទាល បំពានលើស្រ្តីជាដើម…គួរឲ្យគ្មានចេតនាចង់ទស្សនាទាល់តែសោះ។ គួរឲ្យស្អប់ខ្ពើម។

​ខ្ញុំសូមកោតសរសើរចំពោះម្ចាស់ប្លុក A Dose of Cath ដែលបានរៀបរាប់ចំៗ អំពីភាពមិនពេញចិត្តចំពោះចម្រៀងនេះ។ ខ្ញុំគិតថា ស្ថាប័នមានសមត្ថកិច្ចគួរតែបញ្ឈប់ កុំឲ្យមានចរាចរណ៍លក់ ចែកចាយ និងចាប់បទចម្រៀងនេះ នាពេលចូលឆ្នាំខាងមុខនេះ។