• Today is: Monday, September 23, 2019

ចងចាំកវីម្ចាស់ស្ទឹងសង្កែ

Phina So
March29/ 2017

ដងស្ទឹងសង្កែខ្សែទឹកនៅហូរ

ពេលនេះអ្នកថ្ងូរព្រោះតែបាត់ម្ចាស់

អ្នកបាត់កវីស្រដីគ្មានទាក់

អ្នកបាត់លោកម្ចាស់កវីសង្កែ ។

ស្ពានឈើអភ័ព្វដែលគេលែងឆ្លង

រំដួលមួយទងត្រីក្រឹមលែងថែ

ដើមដូងទីដប់ភ្លេចពាក្យស្បថស្បែ

កវីក្សត់ស្នេហ៍ចាំតែស្រមោល ។

វាសនាស្រីក្សត់រងាឆ្អេះឆ្អាប

ឋានៈទន់ទាបផ្សងថែតែលតោល

សែនស្តាយថ្ពាល់ស្តាំសល់តែស្រមោល

ប៉ៃលិនបន្ទោលនិន្ទាជេរខ្ញុំ ។

នាងដើរទៅណាកញ្ញាប៉េសេ

រៀបរាប់ហូរហែរភ្នំពេញមូលមុំ

ផ្សារអូរឫស្សីផ្សារចាស់សុខុម

ហ៊ែលឡូក្រមុំរូបឆោមហ៊ឺរហារ ។

ស្ពានអូរតាគីនិងភ្នំសំពៅ

ចារដៅទុកនូវរាល់អនុស្សា

ជួបភ័ក្រជួបស្នេហ៍មិនប្រែសាវ៉ា

បងសូមសច្ចារខ្លុយជាសាក្សី ។

និពន្ធក្រាស់ក្រែលរៀបរាប់មិនអស់

អាល័យស្រណោះកេរ្តិ៍ឈ្មោះកវី

រូបស្លាប់ទៅហើយឈ្មោះនៅល្បាញល្បី

ស្តាយមិនបានលៃជួបនឹងដឹងគុណ ។

ព្រលឹងទៅហើយអ្នកណ្ហើយបន្សល់

ចម្រៀងកាព្យសល់ឱ្យខ្មែរជាទុន

បានដឹងបានស្គាល់រូបារម្មណ៍គន់

ឱ្យខ្មែរគ្រប់ជនរាល់រូបអាត្មា ។

អ្នកដែលនៅសល់ត្រូវតែថែថិត

គួរថែថួនគិតនែបនិត្យរក្សា

ឱ្យទាន់វេលាពេលមានជីវ៉ា

បន្ទាល់ស្នេហាស្រោចថែដាក់ជីរ ។

ថែមថវិការួបទាំងកិត្តិយស

ឱ្យខ្ពង់ឱ្យខ្ពស់រាល់គ្រប់កវី

មានកម្លាំងតែងស្រុកខ្មែរល្បាញល្បី

ថែទាំកវីកុំបីអាក់ខាន ។