• Today is: Thursday, June 27, 2019

ចំប៉ាសាក់ជាទីស្រឡាញ់

Phina So
April16/ 2018

គម្រោងដ៏ប្រថុចញ៉ុចទៅដើរលេងប្រទេសឡាវមុនចូលឆ្នាំ បានរៀបចំឡើងប្រហែលជាពីរអាទិត្យមុនពេលចេញដំណើរ។ ខ្ញុំ តុលា រចនា និងមិត្តភក្តិជនជាតិអាមេរិក អេមែលី បានសម្រេចចិត្តទៅលេងខេត្តចំប៉ាសាក់ ជាខេត្តប៉ែកខាងត្បូង នៃប្រទេសឡាវ និងជាប់ព្រំដែនខ្មែរ (ខេត្តស្ទឹងត្រែង)។ អត្ថបទនេះ ខ្ញុំនឹងរៀបរាប់អំពីដំណើរកម្សាន្តនេះ។

ដំបូង ខ្ញុំសូមរៀបរាប់អំពីស្ថានភាពភូមិសាស្រ្តនៃខេត្តចំប៉ាសាក់ ដើម្បីងាយស្រួលយល់ច្បាស់ និងចៀសវាងការយល់ច្រលំ។ ចំប៉ាសាក់ គឺជាឈ្មោះខេត្តធំជាងគេទីពីរនៃប្រទេសឡាវ (ធំជាងគេគឺទីក្រុងវៀងច​ន្ទ) ដែលមាន​ស្រុកចំនួន១០ ដែលក្នុងនោះ មានទីរួមស្រុកប៉ាកសេ ស្រុកចំប៉ាសាក់ ស្រុកប៉ាក់សង ស្រុកខុងជាដើម។ ប៉ាកសេ ជាក្រុងនៃខេត្តចំប៉ាសាក់ ខណៈដែលស្រុកចំប៉ាសាក់ ជាស្រុកមួយនៃខេត្តនេះផងដែរ។ ខេត្តចំប៉ាសាក់មានប្រជាជនមិនដល់មួយលាននាក់ ដែលមានរបាយជនជាតិឡាវ ខ្មែរមន និងជនជាតិភាគតិចជាច្រើន រួមទាំងវៀតណាម និងថៃផង។

វត្តមួយនៅស្រុកចំប៉ាសាក់ តាមបណ្តោយផ្លូវទៅប្រាសាទវត្តភូ ​(រូបថត៖ សូ ភីណា)

ពួកយើងបានចេញដំណើរតាមរថយន្តពីភ្នំពេញ ដោយមានអ្នកបើកបរនិយាយទូរស័ព្ទមិនឈប់ឈរ។ យើងចាកចេញពីភ្នំពេញនៅម៉ោង៥ព្រឹក និងបានទៅដល់ខេត្តស្ទឹងត្រែងនៅម៉ោងប្រមាណ១២ថ្ងៃត្រង់។ បន្ទាប់ពីហូបបាយថ្ងៃត្រង់រួច យើងបានឡើងឡានមួយទៀតឆ្ពោះទៅកាន់ក្រុងប៉ាកសេ ខេត្តចំប៉ាសាក់។ ពេលទៅដល់គឺព្រលប់ល្មម។ ចំណាប់អារម្មណ៍ដំបូងគឺ ខេត្តនេះធំជាងខេត្តស្ទឹងត្រែងឆ្ងាយណាស់។ យើងបានស្នាក់នៅសណ្ឋាគារមួយឈ្មោះ Phaythavone។ ពេលទៅដល់ បុគ្គលិកសណ្ឋាគារនិយាយភាសាឡាវមកមិនឈប់ រហូតទាល់តែខ្ញុំសូមឲ្យគាត់និយាយភាសាអង់គ្លេស។ ពួកគេគិតថា ពួកយើងជាជនជាតិថៃ។

A local transportation in Pakse, Champasak province (photo: SAY Tola)

ភោជនីយដ្ឋាន«សប្បាយឌី» ជាភោជនីយដ្ឋានដំបូងគេ។ ម្ហូបមានតម្លៃប្រហែលនៅភ្នំពេញដែរ គឺប្រហែលជា ៣០,០០០ គីប (រូបីយប័ណ្ឌរបស់ឡាវ) ទៅ ៤០,០០០ គីប (១៥,០០០ ទៅ ២០,០០០ រៀល)។ ប៉ុន្តែ ម្ហូបរបស់គេគឺច្រើនណាស់ ហៅមួយចាន អាចហូបពីរនាក់បាន។

ម្ហូបពេលល្ងាច នៅប៉ាកសេ (រូបថត៖ សូ ភីណា)

ព្រឹកឡើង យើងទៅលេងស្រុកប៉ាក់សង (Bolaven Plateau) ដែលសំបូរទៅដោយទឹកជ្រោះ និងចំការតែ និងកាហ្វេ។ យើងបានទៅទឹកជ្រោះ តាដហ្វាន (Tad Fane waterfall) និង​ទឹកជ្រោះ ដែលពួកយើងបានងូតទឹកលេងយ៉ាងសប្បាយ។ ទឹកត្រជាក់ប្រហែលនឹងទឹកកក។ មានក្មេងប្រុសបួនប្រាំនាក់ ក៏បានមកហក់ទឹកលេងព្រោងព្រាត។ សក់ពួកគេ ភាគច្រើនគឺលាបពណ៌ស្វាយ។

ភីណា និង អេមែលី នៅទឹកជ្រោះ តាតហ្វាន (រូបថត៖ សាយ តុលា)

 

ជណ្តើរចុះទៅទឹកជ្រោះ នៅស្រុកប៉ាកសង (រូបថត៖ សូ ភីណា)
កូនសត្វទោច នៅ Bolaven Plateau (រូបថត៖ សាយ តុលា)

ថ្ងៃពុធ ទី ១១ ខែមេសា យើងបានចេញដំណើរទៅស្រុកចំប៉ាសាក់ ដោយជិះ អស់តម្លៃ ១៣០,០០០ គីប (ប្រហែល៦ម៉ឺនរៀល)។ យើងបានស្នាក់នៅសណ្ឋាគារតូចមួយឈ្មោះ អនុស្សាអូតែល ដែលគួរឲ្យចង់ស្នាក់នៅ។ វាស្ថិតនៅជាប់ដងទន្លេមេគង្គ និងអាចមើលឃើញកោះដនដែង (Don Daeng) នៅជិតបង្កើយ។ អង្គុយញាំកាហ្វេនៅភោជនីយដ្ឋាន ចំប៉ាសាក់ជាទីស្រឡាញ់ (Champasak With Love) និងបានចេញទៅលេងប្រាសាទវត្តភូ (Mountain Temple) ដែលជាប្រាសាទបែកបាក់នៃអាណាចក្រខ្មែរ។​ ប្រាសាទនេះ ត្រូវបានគេជឿជាក់ថា ត្រូវបានសាងសង់នៅកំឡុងសតវត្សទី១១​​ ដល់ទី១៣។ តាមការសម្គាល់របស់ខ្ញុំអំពីលក្ខណៈពិសេសនៃប្រាសាទនេះគឺ មានដើមចំប៉ី (ឡាវហៅថា ចំប៉ា ដែលផ្កានេះ ជាផ្កាតំណាងឲ្យជាតិឡាវផងដែរ ) ជាច្រើន តាំងពីក្រោមរហូតដល់ខាងលើ និងដើមស្វាយ ដែលផ្លែស្វាយជ្រុះមិនឈប់ឈរ។ មួយទៀតគឺ មានជណ្តើរ ដែលបុព្វបុរសបានសាងសង់ សម្រាប់ការធ្វើដំណើរទៅទីក្រុងអង្គរផងដែរ។

ភែនធី ជាភាសាឡាវ ប្រែថា ផែនទី ជាភាសាខ្មែរ (រូបថត៖ សាយ តុលា)
ឈ្មោះភូមិសេម ស្រុកចំប៉ាសាក់
តុលា និងឡាបត្រី អាហារឡាវ នៅស្រុកចំប៉ាសាក់ (រូបថត៖ សូ ភីណា)
ព្រះពុទ្ធរូប នៅប្រាសាទបូរាណវត្តភូ ដែលជាកេរដំណែលបុព្វបុរសខ្មែរ (រូបថត៖ សូ ភីណា)

រាត្រីថ្ងៃពុធដ៏ពិសេស គឺពួកយើងបានទៅទស្សនាខ្សែភាពយន្តមួយ ដែលមានចំណងជើងថា «ដំរី ឬ Chang»។ ភាពយន្តនេះ ជាភាពយន្តគ តែអមទៅដោយតន្រ្តី​ និងការបញ្ចូលសម្លេងដោយសិល្បករនៅចំប៉ាសាក់។ សំបុត្រក្នុងមួយនាក់គឺ ៥០,០០០ គីប (២៥,០០០ រៀល)។ តាមពិតទៅ ខ្ញុំបានស្គាល់ពួកគាត់ម្តង កាលពីខែតុលា ឆ្នាំ២០១៧ នៅពេលដែលពួកគេបានទៅចូលរួមបុណ្យរួម (World Music Festival) ដែលបានរៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ។ បានជួបពួកគាត់ និងបានមើលការសម្តែងនេះម្តងទៀត​ គឺពិតជាអស្ចារ្យណាស់។ មុនពេលសម្តែង អ៊ីវ (Yves Bernard) បានណែនាំការសម្តែង ដល់ទស្សនិកជន ដែលមានប្រហែលជាជាង២០នាក់ ភាគច្រើនជាជនជាតិបរទេស។ នៅពេលនោះ គាត់បានណែនាំខ្ញុំដល់ទស្សនិកជនផងដែរ។ បន្ទាប់ពីចប់ការសម្តែង ពួកយើងនៅបន្តជួបជុំ​ ដោយមានការប្រគំតន្រ្តី ចម្រៀង និងរាំលេងយ៉ាងសប្បាយរីករាយ។ អ្វីដែលពិសេសនោះគឺ យើងបានច្រៀងបទ «អនុភាពនៃពុកមាត់» ថ្នមៗ បន្ទាប់ពីដឹងថាតន្រ្តី​ ដែលសិល្បករកំពុងតែប្រគំគឺជាលំនាំបទតែមួយ។ រវល់តែសប្បាយពេក ពួកយើងភ្លេចថតរូបថតអស់រលីង។ បន្ទាប់ពីដឹងថា ខ្ញុំប្រហែលជាចេះច្រៀងបទជាតិមួយរបស់ឡាវ «ចំប៉ាមឿងឡាវ» ពួកគាត់ខំផ្លុំគែន និងប្រគំតន្រ្តីឲ្យពួកយើងច្រៀង តែគួរឲ្យអាម៉ាស ដែលខ្ញុំមិនចាំទាល់តែសោះ។

បើអស់លោកអ្នក បានទៅលេងនៅស្រុកចំប៉ាសាក់ ខ្ញុំសូមណែនាំសិល្បៈទស្សនីយភាព របស់ក្រុម Champasak Shadow Puppet Theatre ប្រចាំនៅក្នុងស្រុកមួយនេះកុំខានឲ្យសោះ។ ពួកគេសម្តែងជារៀងរាល់ថ្ងៃ នៅក្នុងរដូវសំបូរភ្ញៀវ គឺនៅពីក្រោយការិយាល័យព័ត៌មានទេសចរណ៍ និងរោងល្ខានរបស់ស្រុកចំប៉ាសាក់តែម្តង។ លោកអ្នកអាចស្វែងរកតំណភ្ជាប់នៅទីនេះ ដើម្បីស្វែងយល់បន្ថែមអំពីក្រុមសិល្បៈនេះ។ ជាការចៃដន្យ បុគ្គលិកម្នាក់នៅសណ្ឋាគារ អនុស្សារ គឺជាសិល្បករគែន ដ៏ប៉ិនប្រសព្វ និងបានណែនាំបង្ហាត់បង្ហាញយើងអំពីភាសាឡាវ និងរបៀបរាំប្រជាប្រិយចង្វាក់តាលុងឡាវ។

សិល្បករគែន និងក្រុមរបស់យើង​ ថតនៅសណ្ឋាគារ អនុស្សារ។

ព្រឹកឡើង បន្ទាប់ពីញ៉ាំកាហ្វេ ដែលអ្នកនៅសណ្ឋាគារបានប្រាប់យើងថា ជាកាហ្វេទិញមកពីស្រុកប៉ាកសង ដែលយើងបានទៅលេងរួចហើយ។ យើងបានចេញដំណើរពីស្រុកចំប៉ាសាក់ ទៅណាក់កាសាង (Nakkasang) ដែលជាចំណតបំបែកទៅប្រជុំកោះ ៤០០០ និងទៅព្រំដែនខ្មែរ ឡាវ។ តម្លៃទូក និងឡាន អស់ក្នុងមួយនាក់ ៥០,០០០ គីប (២៥,០០០ រៀល)។ ចេញពីណាក់កាសាង ទៅកោះដនខុន គឺអស់ម្នាក់ ១៥,០០០ គីបទៀត។ យើងបានស្នាក់នៅសណ្ឋាគារសុខសាន្ត នៅខាងស្តាំដៃពីចំណតកាណូត និងមានម្ចាស់ជាខ្មែរ។ គាត់នោះឈ្មោះថា ម៉ាឡាដាំង។ ម៉ោងប្រហែលជាបី យើងបានជួលកង់ម្នាក់មួយ តម្លៃ ១០,០០០ គីប (ត្រូវប្រគល់កង់វិញនៅម៉ោង ១០.៣០យប់)។ យើងបានជិះកង់តាមឆ្នេរកោះ រហូតដល់ភូមិជាច្រើន ដែលស្ងួតខ្លាំងនៅខែមេសា។

សំបុត្រទូកពីណាក់កាសាង ទៅកោះដនឌែន (រូបថត៖ សូ ភីណា)

ដំណើរកម្សាន្តបានផ្តល់ឲ្យយើងនូវចំណេះដឹងអំពីវប្បធម៌ឡាវ ស្រុកទេស និងភូមិសាស្រ្តយ៉ាងច្រើន។ អ្វីដែលពិសេសជាងគេគឺស្រុកចំប៉ាសាក់ដ៏ស្រស់ស្អាត និងដំណើរកម្សាន្តតាមកង់ដ៏ស្រស់ស្រាយ។ ខ្ញុំគិតថា ខ្ញុំនឹងទៅលេងស្រុកចំប៉ាសាក់ម្តងទៀតប្រាកដណាស់។ បន្ថែមជាងនេះទៀត យើងបានតាំងចិត្តថា នឹងរៀនភាសាឡាវឲ្យចេះ។

រចនា និងទឹកជ្រោះខ្ពស់ជាងគេក្នុងតំបន់

 

ស្រ្តីឡាវជិះកង់ទទូរឆ័ត្រនៅទីរួមស្រុកចំប៉ាសាក់
ដើមចំប៉ី ដែលឡាវហៅថាចំប៉ា នៅតាមជណ្តើរឡើងទៅកំពូលភ្នំវត្តភូ។

ឳ ដួងចំប៉ា វេឡាស៊ុំណង…