• Today is: Friday, September 20, 2019

«ជំនួបជាមួយអ្នកនិពន្ធនៅបាត់ដំបង»

Phina So
January30/ 2019

វេទិកាពិភាក្សាចុងក្រោយនៃមហោស្រព គឺជាវេទិកា «ជំនួបជាមួយអ្នកនិពន្ធនៅបាត់ដំបង»។ វេទិកានេះបានប្រព្រឹត្តទៅនៅសាលប្រជំុ នៃពុទ្ធិកៈវិទ្យាល័យ ដែលស្ថិតក្នុងបរិវេណវត្តដំរីស។ កម្មវិធីមួយនេះ មានបំណងណែនាំអ្នកចូលរួមបានស្គាល់ អ្នកនិពន្ធ និងអ្នកធ្វើការលើកកម្ពស់វិស័យអំណាននៅបាត់ដំបង។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងសរសេរអំពី លទ្ធផលសំខាន់ៗ ដែលទទួលបានពីវេទិកានេះ។

វាគ្មិន ដែលបានអញ្ជើញចូលរួមមានចំនួនបួននាក់។ ទីមួយគឺលោក ញ៉េប ជាបឡេង ជាអ្នកនិពន្ធចូលនិវត្តន៍, ហួត កេតមុនី អ្នកនិពន្ធ និងជាគ្រូបង្រៀននៅវិទ្យាល័យក្តុលដូនទាវ, វ៉ាន វ៉ាន់ឌី ស្ថាបនិកបណ្ណាល័យចល័តប្រកប និងជាគ្រូបង្រៀនសាសនាអ៊ីស្លាម, និង ស៊ូ ម៉ាស៊ី សហស្ថាបនិកបណ្ណាល័យ ឌឹ ប៊ុកកាហ្វេ។ ខ្ញុំគឺជាអ្នកសម្របសម្រួលវេទិកាពិភាក្សានេះ។​

លោក ជាបឡេង បានរៀបរាប់អំពីស្នាដៃនិពន្ធគាត់ តាំងពីជំនាន់ទី ៦០ និងស្នាដៃ ដែលបានទទួលជ័យលាភី ទាំងក្នុងស្រុក និងនៅបរទេស។ លោកបានបញ្ជាក់ថា លោកបានបោះពុម្ពចំនួនពីរក្បាល និងសល់ចំនួន៦ក្បាលទៀត ដែលមិនទាន់បានបោះពុម្ពនៅឡើយ។ សព្វថ្ងៃលោកធ្វើការជាវេជ្ជបណ្ឌិតជម្ងៃសើរស្បែក។ អ្នកស្រី ហួត កេតមុនី បានសរសេររឿងខ្លីមួយ ដែលមានចំណងជើងថា «នាងស្បែកជើងក្រហម» ដែលបានបោះពុម្ពនៅក្នុងកម្រងរឿងខ្លី «ធ្លាក់ក្នុងអន្លង់ស្នេហ៍» របស់គ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា។ កេតមុនី ក៏បានអានរឿងរបស់គាត់ជូនដល់អ្នកចូលរួមផងដែរ។

ចំណែកឯ វ៉ាន វ៉ាន់ឌី បាននិយាយអំពីការកកើតបណ្ណាល័យចល័តប្រកប។ វ៉ាន់ឌី បានរៀបរាប់ថា ការបង្កើតបណ្ណាល័យនេះ គឺបណ្តាលមកពីការស្រលាញ់ការអានសៀវភៅ និងចង់ឱ្យយុវជនបានអានសៀវភៅល្អៗ។ កន្លងមក បណ្ណាល័យនេះទទួលបានអំណោយជាសៀវភៅ និងសម្ភារមួយចំនួន។ ក្រៅពីនេះ បណ្ណាល័យនេះ នៅត្រូវការអ្នកស្ម័គ្រចិត្ត និងការគាំទ្រដ៏សុទ្ធចិត្តបន្ថែម។ ចំណែកកញ្ញា ស៊ូ ម៉ាស៊ី បាននិយាយអំពី ឌឺ ប៊ុកកាហ្វេ ដែលជាបណ្ណាល័យបង្កើតឡើងដោយអ្នកស្ម័គ្រចិត្តមួយក្រុម។ ពួកគេបានជួលផ្ទះមួយកន្លែងតូច និងមានសៀវភៅសម្រាប់អានប្រចាំសហគមន៍។

អ្វីដែលខ្ញុំពេញចិត្តបំផុតនោះគឺ វេទិកាទាំងមូលបានពិភាក្សាអំពីសក្តានុពល និងធនធាន ដែលមាននៅខេត្តបាត់ដំបង។ ធនធានដែលបានលើកឡើងទីមួយគឺ ធនធានមនុស្ស។ នៅបាត់ដំបង មានអ្នកនិពន្ធ អ្នកធ្វើការលើកកម្ពស់អំណាន មានបណ្ណាល័យ មានបរិយាកាសល្អស្រស់បំព្រង មានរមនីយដ្ឋានប្រវត្តិសាស្រ្ត មានម្ហូបឆ្ងាញ់ ។ល។ ក្រៅពីនោះ ខេត្តបាត់ដំបងនៅមានអង្គការជាច្រើន ដែលចាំទទួលស្វាគមន៍រាល់សកម្មភាពទាក់ទងនឹងសិល្បៈ  ជាពិសេសគឺអង្គការហ្វារពន្លឺសិល្បៈ។ ជាងនេះទៀត តាមរយៈបទពិសោធន៍សហការជាមួយសាកលវិទ្យាល័យបី សាកលវិទ្យាល័យនានាអាចជាភ្នាក់ងារយ៉ាងសំខាន់ និងជាធនធានដ៏ធំមួយសម្រាប់បាត់ដំបង។​

សំណួរចុងបញ្ចប់នៃវេទិកានេះគឺ ថាតើពួកគេមានអារម្មណ៍យ៉ាងណា ប្រសិនបើបាត់ដំបងនឹងរៀបចំមហោស្រពអក្សរសិល្ប៍ជាលើកដំបូងសម្រាប់ឆ្នាំក្រោយ? វាជាសំណួរមួយ ដែលខ្ញុំគិតថា​បានដុតដួងចិត្តអ្នកចូលរួមជាច្រើននាក់ឱ្យជ្រើមជ្រួល។ ចម្លើយទាំងអស់ពីវាគ្មិនទាំងបួនរូបគឺល្អ! ពួកគេរីករាយនឹងឃើញការរៀបចំមហោស្រពអ្នកនិពន្ធ ឬមហោស្រពអក្សរសិល្ប៍ និងចូលរួមសហការតាមលទ្ធភាព។ ក្រៅពីនោះ អ្នកចូលរួមក៏បានបង្ហាញពីការគាំទ្រឱ្យមានមហោស្រពសម្រាប់ឆ្នាំក្រោយនៅបាត់ដំបងផងដែរ។

តាងនាមឱ្យមហោស្រពអក្សរសិល្ប៍ខ្មែរ ខ្ញុំពិតជារីករាយណាស់ ប្រសិនបើប្រជាជននៅបាត់ដំបងនឹងរៀបចំមហោស្រពមែននោះ មហោស្រពអក្សរសិល្ប៍ខ្មែររីករាយនឹងផ្តល់ការគាំទ្រដោយអស់ពីចិត្ត។