• Today is: Thursday, June 27, 2019

ភ្នែក ត្រចៀក មាត់ និងជីវិត

Phina So
September07/ 2017

ខ្ញុំអង្គុយទល់មុខអ្នកជិតខាង។ គាត់កំពុងនិយាយបណ្តើរ និង​ពិសាអាហាររបស់គាត់បណ្តើរ។ ខ្ញុំអង្គុយមើលគាត់។

ក្រោយមក ភ្នែករបស់គាត់ត្រូវបានគេខ្វេះទៅបាត់ ឈាមហូរកក្លាក់ផុលចេញពីភ្នែកទាំងគូរបស់គាត់។ គាត់ស្រែកយំ យកដៃបាំងភ្នែក ននៀលដី ដែលហាក់បីដូចជាការធ្វើដូច្នេះ ជួយសម្រាលការឈឺចាប់ ដែលគាត់កំពុងមាន។ តែខ្ញុំអង្គុយមើលគាត់។

មិនយូរប៉ុន្មាន ត្រចៀករបស់គាត់ ក៏ត្រូវបានកាត់ទៅទៀត។ គាត់លែងមានសេក្តីឈឺចាប់ទៀតហើយ ព្រោះគាត់ឈឺហួសពីអ្វី ដែលគាត់ទទួលបានទៅហើយ។ គាត់អង្គុយឈ្ងោកមុខទៅដី ហាក់បីដូចជាសង្ឃឹមថា នឹងមានអ្នកជួយគាត់ យកចិត្តទុកដាក់នឹងគាត់ ឬក៏ជូនគាត់ទៅពេទ្យ។ តែគ្មាននរណាជួយគាត់ទេ។ ហើយខ្ញុំក៏អង្គុយដកដង្ហើមធំ មើលគាត់ ទាំងចក្ខុវិញ្ញាណរបស់ខ្ញុំ ពោរពេញទៅដោយសុខភាពបរិបូរណ៍។ គាត់ក្លាយជាមនុស្សពិកាភ្នែក និងត្រចៀក តែមាត់របស់គាត់ នៅតែបន្តនិយាយកកោក។ ខ្ញុំក៏នៅតែស្តាប់គាត់ ព្រោះមិនដឹងថា ត្រូវធ្វើដូចម្តេចជាមួយភ្នែក និងត្រចៀក ដែលបាត់បង់នោះ។

ខណៈដែលខ្ញុំ កំពុងតែស្តាប់សម្តីមួយៗ សម្លេងក៏សាបទៅៗ រហូតលែងឮសម្លេង ដែលបន្លឺចេញពីក្រអៅមាត់គាត់ទៅទៀត នៅតែមាត់ម្ហបៗ តែមិនចេញសម្លេង។ ខ្ញុំនៅតែអង្គុយមើលគាត់ ទាំងភិតភ័យ។

ក្រោយមកគាត់បានថយកម្លាំងបន្តិចម្តងៗ។ ខ្ញុំក៏អង្គុយមើលគាត់ទ្រុធទ្រោមទៅ ក្នុងចិត្តរំពឹងថា អ្វីៗនឹងប្រសើរឡើងវិញ។ គាត់បានដេកដួលទៅដី។ ខ្ញុំនៅតែអង្គុយមើលគាត់។

ក្រោយពីគាត់បានផុតដង្ហើមទៅ ខ្ញុំ…ក៏…លែងហាក់បីដូចជាលែងមានដង្ហើមដក…ហើយ…”ខ្ញុំនៅតែអង្គុយមើលគាត់”។