• Today is: Monday, September 23, 2019

ប៊ុនធឿន ២០១៧ មកដល់ឆាប់!

Phina So
November11/ 2017

បន្ទាប់ពី​ «ធ្លាក់ក្នុងអន្លង់ស្នេហ៍» បោះពុម្ពនៅឆ្នាំ២០១៥ និង «វិធាវី ២០១៦» គ្រឹះស្ថានបោះពុម្ពកម្ពុមេរាកំពុងរៀបំបោះពុម្ពស្នាដៃទីបីគឺ «ប៊ុនធឿន២០១៧»។ សៀវភៅនេះ នឹងរួចរាល់សម្រាប់ពិព័រណ៍សៀវភៅកម្ពុជាទី៦ ដែលជារៀងរាល់ឆ្នាំត្រូវបានរៀបចំឡើងនៅបណ្ណាល័យជាតិ។

ឈាងលី, ភីណា, សុជាតា, និង អច្ឆរិយា នាពិព័រណ៍សៀវភៅកម្ពុជាទី៥ (២០១៦)

 

សុខនី និងសៀវភៅ «ធ្លាក់ក្នុងអន្លង់ស្នេហ៍»

បេសកកម្មរបស់កម្ពុមេរា គឺប្រមូលចងក្រង និងបោះពុម្ពស្នាដៃនិពន្ធល្អៗយ៉ាងសម្រិតសម្រាំងទាំងនោះ។ យើងជឿជាក់ថា បេសកកម្មនេះ នឹងចូលរួមចំណែកក្នុងការសរសេរ បោះពុម្ព និងអាននៅកម្ពុជា។ យើងមានទស្សនវិស័យថា ប្រទេសកម្ពុជា នឹងជាប្រទេស ដែលនិយមការអាន និងផ្តល់តម្លៃខ្ពស់ដល់អក្សរសិល្ប៍ខ្មែរ តំបន់ និងសកលលោកផងដែរ។ ដូចនេះហើយ ទើបពួកយើង បានខិតខំចំណាយពេលវេលា និងគំនិត បើទោះបីជាពួកយើងមានការងារពេញម៉ោង និងមានសកម្មភាពសង្គមនានាទៀតក៏ដោយ។ លក្ខណៈពិសេសរបស់កម្ពុមេរាគឺ ១) ផ្តោតលើរឿងខ្លី។ លក្ខណៈនេះផ្តល់ឱកាសដល់អ្នកនិពន្ធ ដែលរវល់នឹងការងារពេញម៉ោង ឱ្យមាន​ឱកាសសរសេរ។ ២) ដោយសារតែវាជាប្រភេទរឿងខ្លី យើងអាចចងក្រងប្រមូល និងបោះពុម្ពស្នាដៃរបស់អ្នកនិពន្ធច្រើននាក់ក្នុងពេលតែមួយ។ ៣) សាច់រឿងភាគច្រើន គឺរំលេចអំពីសិទ្ធិសេរីភាព និងសមភាពយ៉េនឌឺ។ ទី៤គឺ យើងបានធ្វើការយ៉ាងមុតមាំ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការធានាឱ្យមានភាពច្នៃប្រឌិត និងគុណភាពខ្ពស់ រាប់បញ្ចូលទាំងក្រប ខ្លឹមសារ សន្លឹកសៀវភៅផង។ រាល់ចំណងជើង គឺយើងថែមពាក្យ «និងរឿងខ្លីដទៃទៀត»។

សៀវភៅកម្រងរឿងខ្លីៗទាំងនេះ រួមមានអ្នកនិពន្ធចំនួន ៨ នាក់ ស្រ្តី៤ និងបុរស៤នាក់ ដែលក្នុងនោះ អ្នកធ្លាប់បោះពុម្ពជាមួយកម្ពុមេរាពីមុនមកមានបួនរូប គឺ សូ ភីណា, គឺ សុជាតា, ហួត ស៊ីលវី, និង ហង្ស អច្ឆរិយា ដែលម្នាក់ៗសរសេរមួយចំណងជើង លើកលែងតែអច្ឆរិយា ដែលបានដាក់បញ្ចូលចំនួនពីរចំណងជើង។ ក្រៅពីនេះ យើងបានទួលស្នាដៃចំនួន ៥ ពីអ្នកនិពន្ធថ្មី ដែលមានលោក អ៊ឹម លឹម, ពៅ មករា, គឹម ឌីណា, និង ហង្ស ខ្មៅ ដែលជាអាណិកជនខ្មែររស់នៅប្រទេសបារាំង។ រឿងខ្លីទាំងអស់សារុបមាន ១០ ចំណងជើង។

គម្រូក្របសៀវភៅ «ប៊ុនធឿន ២០១៧» (credit Xavier Dupre)

រឿងថ្មីនេះ​គឺសុទ្ធសឹងតែជាសម្លេងរបស់បុរស បើទោះជាអ្នកនិពន្ធបួនរូបជាស្រ្តីក៏ដោយ។ គំនិតនេះ វាកើតឡើងនៅពេលដែលក្រុមការងារកម្ពុមេរា បានពិភាក្សាគ្នាអំពីប្រធានបទ។ កន្លងមកយើងបានសរសេរភាគច្រើនផ្តោតទៅលើបញ្ហារបស់ស្រ្តីរួចទៅហើយ និងម៉្យាងទៀត យើងចង់ដាក់សម្ពាធ (ក្នុងផ្លូវល្អ!) ដើម្បីអាចសរសេរជាសម្លេងរបស់បុរស។

ខ្ញុំនឹងទុកឱ្យអ្នកអានស្វែងយល់ និងវាយតម្លៃសៀវភៅទីបីនេះដោយខ្លួនឯង។ ចាំជួប «ប៊ុនធឿន» នៅពិព័រណ៍សៀវភៅកម្ពុជា