• Today is: Tuesday, July 16, 2019

ព្រឹទ្ធាចារសិល្បៈ អតីតតន្រ្តីករឯកតន្រ្តី សុខ ឌុច

Phina So
January19/ 2017

ខ្ញុំដាក់ខ្លួនទៅក្បែរគាត់ ទាំងមិនដែលស្គាល់គាត់ច្បាស់សោះពីមុនមក។ ខ្ញុំលូកដៃទៅចាប់កាន់ដៃស្តាំរបស់គាត់ ដែលគាត់ស្ទើរតែបញ្ជារមិនកើតទៅហើយនោះ រួចក្តោបដៃរបស់គាត់ ដោយដៃទាំងពីររបស់ខ្ញុំ។ តែប៉ុណ្ណេះ ខ្ញុំបានចាប់ផ្តើមរលីងរលោងទឹកភ្នែកទៅហើយ។

photo credit: CH Socheata

ខ្ញុំបានប្រាប់គាត់ថា «ខ្ញុំឈ្មោះភីណា។ ខ្ញុំជាអ្នកនិពន្ធ…ខ្ញុំសរសេររឿងណាតា! លោកព្រឹទ្ធាចារ ដែលសម្រាន្តនៅនឹងកន្ទេល ក៏បើកភ្នែកធំ និងឧទានថា «អូ…!» ដែលខ្សោយនិងស៊ឹងតែស្តាប់មិនបាន។ ទឹកភ្នែករបស់គាត់ក៏បានស្រក់មកដែរ។ គាត់បានបន្តប្រឹងនិយាយថា «ស្តាយណាស់…ស្តាយ!»។

នៅពេលកំពុងធ្វើដំណើរពីភ្នំពេញ​ ខ្ញុំបានគិតថា ខ្ញុំគ្មានទំនាក់ទំនងអ្វីនឹងគាត់ទេ។ ខ្ញុំគ្រាន់តែទៅលេងនិងបានស្គាល់គាត់តែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលបានឃើញព្រឹទ្ធាចារសិល្បៈម្នាក់ ដែលបានបូជាជីវិតបន្តថែរក្សាកេរ្តិ៍ដំណែលរបស់តន្រ្តីបូរាណឯកតន្រ្តី ដែលស្ទើរតែបាត់បង់ទៅហើយ ឲ្យនៅរស់រានមានជីវិតបន្តសម្រាប់ជនជាតិខ្មែរជំនាន់ក្រោយ ចិត្តគឺមិនអាចទប់មិនឱ្យរំភើប ឯទឹកភ្នែកគឺពិបាកទប់មិនឱ្យស្រក់ចុះមកដែរ។

លោកតាព្រឹទ្ធាចារ សុខ ឌុច និងឯកតន្រ្តីរបស់គាត់ (រូបថត៖ សុជាតា)

អ្វីដែលជាពេលត្រេកអរនោះគឺ ការបានឃើញសិស្សសិល្បៈខ្សែដៀវ ដែលមានស្រីម្នាក់ផង បានលេងឧបករណ៍តន្រ្តីនេះជូនលោកតាស្តាប់។ លោកគង់នឹងសប្បាយចិត្តត្រង់ថា មានអ្នកបន្តវេនពីលោកទៅ ហើយខ្មែរនឹងអាចថែរក្សាកេរ្តិ៍ដំណែលសិល្បៈវប្បធម៌នេះតទៅមុខទៀត។

យុវជនបន្តវេនឯកតន្រ្តី (រូបថត៖ សុជាតា)