• Today is: Tuesday, July 16, 2019

មហោស្រពសិល្បៈ និងបរិស្ថាន

Phina So
May18/ 2019

ឆ្នាំមុន ខ្ញុំបានចូលរួម «មហោស្រពសិល្បៈ និងបរិស្ថាន» លើកទីមួយ នៅក្នុងបរិវេណ​វត្តសម្បូរណ៍ ស្រុកសំបូរ ខេត្តកំពង់ធំ។ កាលនោះ មហោស្រពគឺជាគម្រោងមួយនៃក្រុមអ្នកទទួលអាហារូបករណ៍ទស្សនវប្បធម៌ នៃអង្គការសិល្បៈខ្មែរអមតៈ។ តែដោយក្តីស្រឡាញ់ ការតស៊ូដ៏មុតមាំនៃក្រុមការងារ ពួកគេបានរៀបចំមហោស្រពនេះឡើងម្តងទៀតឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែឧសភាខាងមុខនេះ។

ការរៀបចំឆាកកាលពីឆ្នាំមុន

មហោស្រពនេះមានគោលបំណង៖

១) ធ្វើឱ្យកំពង់ធំក្លាយជាតំបន់គំរូមួយនៃការគ្រប់គ្រងតំបន់ទេសចរណ៍វប្បធម៌ ជាមួយការទទួលខុសត្រូវផ្នែកសិល្បៈ និងបរិស្ថានល្អ​, ២) ចូលរួមចំណែកកសាងសមត្ថភាពអាជ្ញាធរមូលដ្ឋានក្នុងខេត្តកំពង់ធំ ដើម្បីចាប់ផ្តើមសកម្មភាពបន្ថែមទៀត អំពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងសហគមន៍, ៣)  លើកកម្ពស់ការយល់ដឹងអំពីតួនាទី និងគុណតម្លៃនៃសិល្បៈ និងវប្បធម៌ នៅក្នុងការអភិវឌ្ឍសង្គម ជាពិសេសតួនាទីសិល្បៈក្នុងការឆ្លុះបញ្ចាំងពីបរិស្ថាន និងផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិក, ៤) ផ្លាស់ប្តូរការគិត និងទម្លាប់របស់ប្រជាជនអំពីការប្រើប្លាស្ទិក និងដាំដើមឈើបន្ថែម

រំដួលលិចទឹក ក្នុងកម្មវិធីសំដែងសិល្បៈនាពេលរាត្រី

កាលឆ្នាំមុន ខ្ញុំបានស្នាក់នៅផ្ទះសំណាក់របស់អ្នកស្រុក ដែលមានតម្លៃប្រហែលជា៤ដុល្លារ (មានមុង, ពូកតូចមួយ, ភួយមួយ, និងកង្ហារមួយ) ក្នុងមួយយប់។ ម្ចាស់ផ្ទះអាចរៀបចំម្ហូបអាហារជូនភ្ញៀវផងដែរ ប្រសិនយើងប្រាប់ពួកគេ។ ព្រឹកឡើងខ្ញុំចូលចិត្តក្រោកពីព្រលឹម អង្គុយមើលអ័ព្ទពេលព្រះអាទិត្យកំពុងរះ ក្រោមអាកាសធាតុត្រជាក់ល្មម។ ពេលថ្ងៃជិះកង់ទៅលេងប្រាសាទសំបូរព្រៃគុក និងយប់ឡើងទៅមើលសិល្បៈចម្រុះនៅវត្ត ដែលនៅមិនឆ្ងាយពីផ្ទះស្នាក់។

សម្ភារសិប្បកម្មធ្វើដោយដៃ នឹងចូលរួមពិព័រណ៍ផងដែរ!

បើសិនអ្នកចូលចិត្តការងារទាក់ទងនឹងបរិស្ថាន និងចូលចិត្តកម្សាន្តនៅជនបទ សូមចូលរួមមហោស្រពនេះ អ្នកអាចចូលរួមឈ្វេងយល់បន្ថែមអំពីការថែរក្សាបរិស្ថាន ជួយបង្កើនការងារ និងជីវភាពរបស់អ្នកស្រុក និងអាចស្រូបខ្យល់បរិយាកាសបរិសុទ្ធ និងជាពិសេសគឺបានទស្សនាប្រាសាទសំបូរព្រៃគុក ដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោកផងដែរ។

ទិដ្ឋភាពចែកកូនឈើជូនអ្នកភូមិ!