• Today is: Monday, September 23, 2019

មហោស្រពអក្សរសិល្ប៍ខ្មែរលើកទីពីរ

Phina So
July30/ 2018

ឆ្នាំនេះ ពួកយើងនឹងរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរ ជាលើកទីពីរ បន្ទាប់ពីបានទទួលជោគជ័យកាលពីមហោស្រពលើកទីមួយនៅខេត្តសៀមរាប។ កម្មវិធីលើកទីពីរនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១, ២២, និង ២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅខេត្តបាត់ដំបង។ ក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់សមិទ្ធផលពីមហោស្រពលើកទីមួយ និង​កម្មវិធីទូទៅនៃមហោស្រពលើកទីពីរនេះ។

ខ្ញុំបានសរសេរពីសមិទ្ធផល​នៃមហោស្រពលើកទៅមួយរួចម្តងហើយ។ លោកអ្នកអាចស្វែងរកអាននៅតាមតំណភ្ជាប់នេះ។ បន្ថែមជាងនេះទៀត មានសមិទ្ធផលជាច្រើនទៀតដូចជា៖

១) យ៉ាងហោចណាស់ មានអ្នកនិពន្ធយ៉ាងហោចណាស់៤នាក់ បានបោះពុម្ពជាលើកដំបូងបង្អស់ និងបានចូលរួមក្នុងពិធីមហោស្រពអក្សរសិល្ប៍នេះ។ សៀវភៅទាំងនោះរួមមានដូចជា «កំបាំង» និពន្ធដោយ សួន សុធារ៉ា, «អ្នកនិពន្ធអារាត់អារាយ» ដោយ កោ សុគាន់អ៊ី, «ប្រពន្ធខ្ញុំអាយុ១៨ឆ្នាំ» ដោយគីម ឌីណា ។ សួង ម៉ាក ក៏បាននិយាយដែរថា តាមរយៈមហោស្រពនេះ បានញាំងចិត្តគាត់ឲ្យបោះពុម្ព​សៀវភៅដ៏ជោគជ័យ «ផ្កាយក្រោមសមុទ្រខ្សាច់»។

២)​ អ្នកនិពន្ធដែលបានចូលរួមមហោស្រពលើកទីមួយ បានរួបរួមគ្នាបង្កើត «តូបអ្នកនិពន្ធ» និងបានប្រមែប្រមូលស្នាដៃនិពន្ធទាំងអស់ មកលក់រួមគ្នានៅពិព័រណ៍សៀវភៅកម្ពុជាលើកទី៦។ ការផ្តួចផ្តើមគំនិតនេះ បានលក់សៀវភៅសរុបប្រមាណជា ៣,០០០ ក្បាល។ មហោស្រពអក្សរសិល្ប៍ខ្មែរ ក៏បានចូលរួមផ្តល់ជាវិភាគទានដល់ការកកើត «តូបអ្នកនិពន្ធ» ចំនួន​ ២០០,០០០ រៀលផងដែរ។

៣) មហោស្រពនេះ បានប្រមូលផ្តុំអ្នកនិពន្ធក្នុងរូបភាពជាការជួបជុំដ៏ធំមួយ។​ អ្នកនិពន្ធប្រមាណជា ៤០ នាក់ បានចូលរួម និងទាក់ទាញអ្នកចូលរួមប្រមាណ ៥០០ ទៅ ៦០០នាក់​ ឲ្យបានចូលរួមក្នុងកម្មវិធីជាច្រើនដូចជា៖​​ វេទិកាពិភាក្សា ពិព័រណ៍ ការបញ្ជាំងកុនឯកសារ ជួបជាមួយអ្នកនិពន្ធ និងកម្មវិធីសិល្បៈដ៏អស្ចារ្យជាច្រើនទៀត។

ទាំងនេះ ខ្ញុំមិនទាន់បានរៀបរាប់អំពីផលប៉ះពាល់វិជ្ជមានមិនផ្ទាល់ផ្សេងទៀតផង។

ឆ្នាំនេះ រឹតតែញ៉ាំងចិត្តពួកយើងឲ្យធ្វើកិច្ចការនេះថែមទៀត។ តើអ្វីទៅ ដែលជាលក្ខណៈពិសេសនៃមហោស្រពឆ្នាំនេះ?

១) មហោស្រពបានទទួលការគាំទ្រដ៏កក់ក្តៅពីក្រសួងពាក់ព័ន្ធចំនួនពីរគឺ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងទាំងពីរបានវិភាគទានជាទឹកប្រាក់សម្រាប់កម្មវិធីមហោស្រពលើកទីពីរផងដែរ។ ក្រៅពីនេះ មហោស្រពក៏បានទទួលការឧបត្ថម្ភពីមិត្តភក្តិ អង្គការអក្សរសិល្ប៍ ក្រុមហ៊ុនឯកជន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសផងដែរ។

២) ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនដែរ ដែលក្រុមការងារបានទទួលការគាំទ្រពីអ្នកនិពន្ធ​ និងពួកគេបានចូលរួមក្នុងកិច្ចការនេះ​ដោយស្ម័គ្រចិត្ត។ ក្រៅពីនេះ មានក្រុមការងារមួយចំនួននៅខេត្តបាត់ដំបងដូចជា ឌឺប៊ុកកាហ្វេជាដើម។

៣) ក្រុមការងាររៀបចំមហោស្រព បានព្យាយាមទាក់ទងដល់អ្នកនិពន្ធ បណ្ណាល័យ ក្រុមសិល្បៈ​ ដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបងដោយផ្ទាល់។

៤)​ មហោស្រពលើកទីពីរនេះ នឹងមានពិព័រណ៍និងតាំងលក់សៀវភៅចំនួនពីរថ្ងៃពេញ និងបើកជាសាធារណៈ នៅសាលពិព័រណ៍ (ជាប់សារមន្ទីរខេត្ត) នៅថ្ងៃទី ២២ និង ២៣ ខែកញ្ញា។

៥) ក្រៅពីនេះ មហោស្រពនឹងមានរៀបចំកម្មវិធីអានជាសាធារណៈ នៅតាមទីតាំងនានានៅក្នុងក្រុងបាត់ដំបង កម្មវិធីប្រលងស្នាដៃនិពន្ធ កម្មវិធី «បុរសកង់ឌុប និងកំណាព្យ» វេទិកាពិភាក្សា ទស្សនកិច្ចវប្បធម៌ និង​ កម្មវិធីសិល្បៈមួយចំនួនទៀតផងដែរ។

រូបភាពគូរដោយ Phare Creative Studio

៦) ទីតាំងនៃមហោស្រពលើកទីពីរគឺមានច្រើនកន្លែង​ ដូចជា នៅអង្គការហ្វារពន្លឺសិល្បៈ សាលាខេត្តចាស់ សាលពិព័រណ៍ចាស់​ ស្ពានថ្មី ដងស្ទឹងសង្កែ ម្លប់ដូងទី១០ វត្តកណ្តាល វត្តដំរីស ពុទ្ធិកៈវិទ្យាល័យ និងអាមេរិកខែនខនណឺរជាដើម។

ពួកយើងពិតជារីករាយណាស់ ដែលទទួលបានការគាំទ្រពីលោកអ្នកទាំងអស់គ្នា។ យើងខ្ញុំនៅតែបន្តទទួលការសហការ និងគាំទ្រផ្នែកហិរញ្ញវត្ថុបន្តទៀត។

សូមកុំភ្លេចចូលរួមទាំងអស់គ្នាណា!

សូមអរគុណ។

ក្រុមការងារមហោស្រពអក្សរសិល្ប៍ខ្មែរលើកទីពីរ

ស្ពានថ្មី ជាទីតាំងមួយ (សូ ភីណា)
ទីធ្លាវត្តកណ្តាល ទីតាំងមួយទៀត (រូបថត៖ សូ ភីណា)
ទីតាំងមួយសម្រាប់វេទិកាពិភាក្សា (រូបថត៖ សូ ភីណា)

 

 

 

Tags: