• Today is: Monday, September 23, 2019

មហោស្រពអក្សរសិល្ប៍ខ្មែរ

Phina So
September24/ 2017

ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខ្ញុំនិងអ្នកនិពន្ធមួយចំនួនទៀត នឹងរៀបចំ “មហោស្រពអក្សរសិល្ប៍ខ្មែរ” នៅខែតុលា នៅខេត្តសៀមរាប។ នេះជាសកម្មភាពមួយ ដែលយើងបានរៀបចំប្រហែលជាមួយឆ្នាំមកហើយ។ ក្រោយពីការពុះពារមួយរយៈធំមក យើងបានចាប់ផ្តើមមើលឃើញរូបរាងមហោស្រពនេះបន្តិចម្តងៗ។

ដើម្បីផ្សព្វផ្សាយអំពីមហោស្រពនេះ យើងបានរៀបចំឲ្យមានជំនួបមួយកាលពីថ្ងៃទី ៨ កញ្ញា នៅ “ឌឺ ដេសខេមបូឌា” (The Desk Cambodia)។ មានអ្នកនិពន្ធជាច្រើន បានចូលរួម សាកសួរព័ត៌មានបន្ថែម និងផ្តល់យោបល់ត្រឡប់ផងដែរ។ យោបល់ត្រឡប់មួយ ដែលយើងបានទទួលគឺ ត្រង់ការប្រើប្រាស់ពាក្យ “មហោស្រព”។ ខណៈដែលខ្ញុំត្រេកអរនឹងការទទួលបានចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ ចំពោះកម្មវិធីនេះ ខ្ញុំសូមបកស្រាយអំពីការសម្រេចចិត្ត នឹងការប្រើប្រាស់ពាក្យ “មហោស្រព” នេះ។

យោបល់ដែលយើងបានទទួលនោះគឺ ជាទូទៅ ពាក្យថា “មហោស្រព” ត្រូវបានគេសម្តៅលើរូបភាពទ្រង់ទ្រាយធំ ថ្នាក់ជាតិ ថ្នាក់ក្រសួង។ ម៉្យាងទៀត ពាក្យនេះដែរ ភាគច្រើនគេចំណាំឃើញគេរៀបចំភ្ជាប់ជាមួយការសម្តែងសិល្បៈទស្សនីយភាព ឧទាហរណ៍ដូចជាមហោស្រពសិល្បៈមហាជន មហោស្រពសិល្បៈយុវជន ដែលរៀបចំដោយថ្នាក់ក្រសួងជាដើម។ ក្នុងអត្ថបទនេះ ខ្ញុំសូមបញ្ចេញនូវយោបល់មួយចំនួន​ ដែលទាក់ទងនឹងការប្រើប្រាស់ពាក្យ “មហោស្រព” នេះ។

យោងតាមវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យឆ្នាំ នៅទំព័រ៨៧០​ “មហោស្រព” មានន័យថា របាំយ៉ាងធំ ការលេងល្បែងរបាំគគ្រឹកគគ្រេង ការរីករាយសប្បាយខ្លាំងដោយល្បែងរបាំ…។ ដូចនេះ ពិតណាស់ ដែលពាក្យនេះសំដៅលើ “ធំ”។ ប៉ុន្តែ ការបកស្រាយនេះ មិនមានឃ្លាពន្យល់ណាមួយ ដែលបញ្ជាក់ថា “ធំ”​ មានទំហំប៉ុនណា ឬត្រូវតែចូលរួមដោយមនុស្សច្រើនបែបណានោះឡើយ។ បើយើងសិក្សាទៅលើសេចក្តីពន្យល់នៃវចនានុក្រម ដូចដែលបានពន្យល់ខាងលើ ពាក្យនេះ គឺសំដៅលើ ការជួបជុំ ស្រោចស្រពសេចក្តីសប្បាយរីករាយ ចំណេះដឹង និងរៀនសូត្រពីគ្នាទៅវិញទៅមក។ ដូចនេះ ទំហំមិនគួរត្រូវបានដាក់ទម្ងន់ និងរះស្ទះដល់បំណង រៀបចំមហោស្រព ដែលមានទំហំប៉ុនណានោះឡើយ។

ម៉្យាងទៀត យើងគួរយកចិត្តទុកដាក់ និងថ្លឹងថ្លែងទៅលើផលប៉ះពាល់នៃការឲ្យតម្លៃទៅលើទំហំ និងបរិមាណនៃមហោស្រព។ ខ្ញុំគិតថា ការយល់ឃើញថា មហោស្រព គឺជាធំ ជាកម្រិតថ្នាក់ជាតិ បានបន្ទុចបង្អាក់ក្រុមតូចៗ ដែលមានបំណងចាប់ផ្តើមរៀបចំការជួបជុំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹង តាមទ្រង់ទ្រាយតូចល្មម មុននឹងឈានទៅរក ការរៀបចំជាទ្រង់ទ្រាយធំ។ មួយវិញទៀត បើសិនយើងរង់ចាំ​ឲ្យក្រសួង ឬថ្នាក់ជាតិតែមួយមុខ ប្រើប្រាស់ពាក្យ “មហោស្រព” នោះ យើងឃើញថា នឹងមិនគ្រប់គ្រាន់ និងខ្វះវិសាលភាព និងចម្រុះភាពទៅវិញ។ ដូចនេះ ពាក្យនេះ គួរតែត្រូវបានប្រើប្រាស់ទូលំទូលាយជាងនេះ ពោលគឺការចូលរួមចំណែករបស់ប្រតិបត្តិករវប្បធម៌ ដើម្បីរួមចំណែក លើកស្ទួយទម្រង់សិល្បៈណាមួយ ឲ្យកាន់តែល្អប្រសើរ។ ម៉្យាងវិញទៀត បើក្រុមណាមួយ មិនចាប់ផ្តើមពីតូចមកមុន តើពេលណា ទើបពួកគេមានលទ្ធភាពនឹងរៀបចំ “មហោស្រព” ដែលធំទៅ? យើងគួរផ្តល់សិទ្ធិអំណាចដល់ខ្លួនឯង ក្នុងការប្រើប្រាស់ពាក្យនេះ ជាជាងកំណត់ទុកសម្រាប់ក្រុមធំណាមួយប្រើប្រាស់ពាក្យនេះដាច់មុខ។ ម៉្យាងទៀត បើកាលណា គ្រប់គ្នាផ្តល់សិទ្ធិអំណាចដល់ខ្លួន​ឯង ក្នុងការប្រើប្រាស់ពាក្យនេះ គឺរឹតតែបង្កើនឲ្យមានមហោស្រពច្រើនជាងមុន និងមានភាពចម្រុះ​នៃទម្រង់សិល្បៈ ក៏កាន់តែប្រសើរជាមុន។

អ្នកមួយចំនួនទៀតយល់ថា ភាគច្រើន គេប្រើប្រាស់ពាក្យ “មហោស្រព” ជាមួយសិល្បៈទស្សនីយភាពប៉ុណ្ណោះ។ យោបល់នេះ ជាយោបល់ត្រឹមត្រូវ មិនមានអ្វីខុសឡើយ។ តែចម្លើយរបស់ខ្ញុំគឺ អក្សរសិល្ប៍ គឺជាសិល្បៈចម្បងមួយ ក្នុងចំណោមទម្រង់សិល្បៈផ្សេងៗទៀត ដូចនេះ ពុំមែនហេតុផលណាមួយ ដែលយើងមិនអាចប្រើប្រាស់ពាក្យ “មហោស្រព” និងអក្សរសិល្ប៍នោះឡើយ។​

ជាចុងក្រោយ ខ្ញុំគិតថា យើងគួរតែបើកចិត្តទូលាយ ហ៊ានផ្លាស់ប្តូរទំលាប់មួយចំនួន ដើម្បីបង្កឱកាស ឲ្យមានសកម្មភាពកាន់តែច្រើន និងស្វែងយល់នូវអ្វីៗ ដែលថ្មីផងដែរ។ ដូចនេះ ផ្ទុយពីការរៀបចំមហោស្រព ដែលជានិច្ចជាកាល ត្រូវបានគេរៀបចំដោយមានឆាកសម្តែង មករៀបចំនៅក្នុងទីធ្លា ដែលគ្មានឆាក ឬ ងាកពីការរៀបចំមហោស្រព ដែលជាញឹកញយត្រូវបានគេរៀបចំនៅពេលរាត្រី ​មករៀបចំនាពេលថ្ងៃ ឬងាកមកពីការគិតពីទ្រង់ទ្រាយធំមកតូច ដែលពោរពេញទៅដោយការគិត វិភាគ​វែកញែក រកហេតុផល ឆ្លងឆ្លើយគ្នាប្រកបដោយភាតរភាព ជាជាងមនុស្សរាប់ពាន់នាក់ ដែលខ្លះ គ្រាន់តែទៅចូលរួមដើម្បីកំសាន្តលំហែតែប៉ុណ្ណោះ។

បើយើងមិនចាប់ផ្តើមធ្វើវា តើយើងធ្វើដូចម្តេចនឹងដឹងថា វាអាចទៅរួច? ឬ​មិនរួច? បើទោះជាគំនិតថ្មីត្រូវបានបង្កើតឡើង ក៏មិនប្រាកដថាសុទ្ធតែល្អត្រូវទាំងអស់ ហើយបើសិនជាមានកង្វះខាត ក៏យើងនៅតែអាចកែច្នៃ និងរៀនសូត្រអំពីចំណុចខ្វះខាតនោះដែរ។

ទោះជាយ៉ាងណា សេរីភាពក្នុងការបញ្ចេញ ជាសិទ្ធិដែលយើងគួរតែអបអរ និងប្រើប្រាស់ឲ្យពេញបរិបូរណ៍ និងជួយគាំទ្រអ្នកនៅជុំវិញយើងឲ្យរួមគ្នាបញ្ចេញគំនិត មតិយោបល់ឲ្យកាន់តែទូលំទូលាយ។ ព្រោះបើមិនមានគំនិតច្រើន និងការគិតប្រកបដោយការពិចារណានោះទេ យើងនឹងពុំមានឱកាសគ្រប់គ្រាន់ ក្នុងការស្វែងរកដំណោះស្រាយសមរម្យទេ។ ដូចនេះ ខ្ញុំសូមអរគុណ ដល់មិត្តអ្នកនិពន្ធ និងអ្នកអក្សរសាស្រ្តទាំងអស់ ដែលបានផ្តល់យោបល់ត្រឡប់ ដែលបណ្តាលឲ្យយើងបានគិតគូរ និងពិចារណាច្រើនបន្ថែមទៀត។

​​ទីកន្លែងមួយសម្រាប់កម្មវិធីនៃមហោស្រពអក្សរសិល្ប៍ខ្មែរ