• Today is: Friday, September 20, 2019

មហោស្រពអក្សរសិល្ប៍បាត់ដំបង

Phina So
June30/ 2019

ព្រឹត្តិការណ៍ ដែលទើបតែបានបញ្ចប់កាលពីថ្មីៗនេះ គឺជាមហោស្រពអក្សរសិល្ប៍បាត់ដំបងលើកទីមួយ។​ កាលពីឆ្នាំមុន មហោស្រពអក្សរសិល្ប៍ខ្មែរលើកទីពីរ បានប្រារព្ធធ្វើនៅទីនោះ។ នៅក្នុងវេទិកាពិភាក្សាមួយនៅថ្ងៃចុងក្រោយ (២៣ កញ្ញា ២០១៨) អ្នកចូលរួមបានសំណូមពរដល់ខ្ញុំ និងក្រុមការងារមហោស្រពអក្សរសិល្ប៍ខ្មែរ ឱ្យប្រារព្ធមហោស្រពបែបនេះម្តងទៀត នៅឆ្នាំបន្ទាប់។ ដូចនេះ ខ្ញុំក៏យល់ព្រមជួយបង្កើត និងរៀបចំព្រឹត្តិការណ៍មួយនេះ ដែលយើងបានដាក់ឈ្មោះឱ្យថា «មហោស្រពអក្សរសិល្ប៍បាត់ដំបង»។ ក្នុងអត្ថបទនេះ ខ្ញុំនឹងសរសេររៀបរាប់អំពីមហោស្រពនេះ។

ដោយសារតែជាឆ្នាំចាប់ផ្តើម និងខ្ញុំដឹងថាគ្រប់គ្នាសុទ្ធតែរវល់រៀងខ្លួន ខ្ញុំគិតថា គួរតែរៀបចំតែមួយថ្ងៃកន្លះ និងមានលក្ខណៈតូចតាចបានហើយ។ ក្រោយមក យើងនឹងដឹងថា តើយើងរៀបចំនៅឆ្នាំបន្ទាប់ដែរឬទេ! ព្រោះក្រៅពីរៀបចំមហោស្រពអក្សរសិល្ប៍បាត់ដំបង ខ្ញុំ និងក្រុមការងារមួយចំនួនទៀត​ក៏ត្រូវ​រៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរនៅភ្នំពេញជាលើកទីបី នៅខែតុលាខាងមុខនេះផង។

សូត្រមន្តក្នុងព្រះវិហារនៃវត្តដំរីស (រូបថត៖ យ៉េង ឈាងលី)

ថ្ងៃទីមួយ មានកម្មវិធីតែពីរប៉ុណ្ណោះ។ ទីមួយ គឺនិមន្តព្រះសង្ឃសូត្រមន្ត ដើម្បីប្រោះព្រំសុំសេចក្តីសុខ និងជោគជ័យ។ កម្មវិធីនេះ ត្រូវបានជួយរៀបចំស្ទើរតែទាំងស្រុង ដោយលោកគ្រូ ទឹម ម៉ានី។ បន្ទាប់មកជាកម្មវិធីអានកំណាព្យ និងដាក់បញ្ចាំងវីដេអូកំណាព្យ ដែលផលិតដោយ យ៉េង ឈាងលី និង ថមីញ៉ូ។

អ្នកនាង ទាវ បណ្តូល បានអានកំណាព្យរបស់គាត់ (រូបថត៖ សូ ភីណា)

មានភាពភ្ញាក់ផ្អើលជាច្រើន ដែលគួរឱ្យរំភើប។ ទីមួយគឺការអញ្ជើញចូលរួមរបស់អ្នកស្រី អ៊ុក ស៊ីណាត ដែលត្រូវម្តាយរបស់ សុខ ចាន់ស៊ីនួន អ្នកខេត្តបាត់ដំបង និងជាអ្នកឧបត្ថម្ភដល់មហោស្រពផងដែរ។ អ្នកមីង ស៊ីណាត បានថ្លែងថា គាត់ខានសរសេរជាយូរណាស់មកហើយ និងមានចិត្តរំភើបរីករាយជាខ្លាំង ដែលបានចូលរួមអានកំណាព្យរបស់គាត់នៅពេលនោះ។ ទីពីរគឺការអានកំណាព្យរបស់ វ៉ាន់ឌី វ់ាន់ណា។ អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងនោះគឺជាអ្វី ដែលគាត់បាននិយាយថា «ក្នុងសាសនាអ៊ីស្លាម ចម្រៀងមិនត្រូវបានអនុញ្ញាតឡើយ ដូចនេះ​ក្បួនកំណាព្យខ្មែរដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំពេញកិច្ចការងារផ្សព្វផ្សាយសាសនា សម្រាប់អ្នកកាន់សាសនាអ៊ីស្លាម។ មួយទៀតគឺ ឡា! គាត់ជាអ្នកជួយថតវីដេអូម្នាក់។ តែក្រោយពីបានស្តាប់កំណាព្យផ្សេងៗរួចមក ឡាបានស្ម័គ្រចិត្តមកអានកំណាព្យមួយ ដែលគាត់បានសរសេរតាំងតែពី១០ឆ្នាំមុន។ ឡាមានលក្ខណៈប្លែកពីគេឯងត្រង់ថា គាត់មកសូត្រកំណាព្យដោយការចងចាំផ្ទាល់មាត់។ ចំណែកអ្នកផ្សេងទៀត ដូចជាខ្ញុំជាដើម ត្រូវការទូរស័ព្ទ ឬសៀវភៅជាចាំបាច់។ បើមិនដូច្នោះទេ ខ្ញុំមិនចាំទេ!! គួរឱ្យសរសើរមែន។

នេះគឺជាកំណាព្យរបស់ Khoem La។ ច្នៃ*
ផ្ទាំងសម្រាប់បញ្ចាំងវីដេអូកំណាព្យ ដែលបានជួយទៅយកដោយបងបណ្តូល គន្ធារ៉ូ និងតុលា!
(រូបថត៖ យ៉េង ឈាងលី)

វីដេអូកំណាព្យក៏បានប្រព្រឹត្តទៅយ៉ាងរលូន និងមានការពិភាក្សាយ៉ាងសស្រាក់សស្រាំផងដែរ។ បើទោះជាយោបល់ផ្សេងៗគ្នា អំពីវីដេអូកំណាព្យនេះថាមិនមែនជារឿងថ្មីក៏ដោយ ក៏ខ្ញុំនៅតែគិតថា នៅកម្ពុជា វីដេអូលំអដោយកំណាព្យបែបនេះ គឺជារឿងថ្មីមួយ។ ខ្ញុំក៏មានជំនឿយ៉ាងមុតមាំផងដែរថា សកម្មភាពនេះនឹងជួយបន្ថែមរសជាតិ និងប្រជាប្រិយភាពដល់កំណាព្យខ្មែរបន្ថែមទៀត។

ថ្ងៃទីពីរក៏មានរឿងរ៉ាវគួរឱ្យរំភើប និងរីករាយដែរ។ យើងចាប់ផ្តើមឡើងដោយមានការតាំងពិព័រណ៍សៀវភៅតូចមួយ នៅក្រោមម្លប់ឈើ «អសោក» ។ បើទោះជាពិព័រណ៍ និងការលក់សៀវភៅនេះ មានទ្រង់ទ្រាយតូចក៏ដោយ ក៏មហោស្រពបានទទួលប្រាប់ជិត ២០០,០០០ រៀលឯណោះ ពីវិភាគទាន ត្រឹមតែ១០ភាគរយប៉ុណ្ណោះពីការលក់សៀវភៅរបស់អ្នកនិពន្ធមួយចំនួន។

ស៊ីណេត និងតុលា ជាឆ្អឹងខ្នងយ៉ាងសំខាន់សម្រាប់មហោស្រពនេះ! (រូបថត៖ សូ ភីណា)
អ្នកនាង ទាវ បណ្តូល និង រ៉េនឌី​ (រូបថត៖ សូ ភីណា)

ទន្ទឹមនឹងសិក្ខាសាលា និងពិព័រណ៍សៀវភៅ សិល្បករបណ្តូល បានស្ម័គ្រចិត្តជាមគ្គទេសក៍វប្បធម៌ ដល់អ្នកដែលចាប់អារម្មណ៍ពីសិល្បៈ ទីតាំងប្រវត្តិសាស្រ្ត និងរឿងរ៉ាវនានា ដែលទាក់ទងនឹងខេត្តបាត់ដំបងផងដែរ។

សាលារៀនភាសាចិន និងរូបភាពមួយ ដែលត្រូវបានគេគូរលើជញ្ជាំង (រូបថតៈ សូ ភីណា)

មានសិស្សវិទ្យាល័យប្រមាណជា១០នាក់ បានធ្វើដំណើរតាំងពីស្រុកថ្មគោល (ជិត៣០ គីឡូម៉ែត្រ) មកចូលរួមសិក្ខាសាលានិពន្ធបែបច្នៃប្រឌិត ដែលសម្របសម្រួលដោយខ្ញុំ និងកំណាព្យទំនើបនិយមដោយឈាងលី។ សិស្សទាំងអស់បានធ្វើឱ្យខ្ញុំរំភើបណាស់ នៅពេលដែលបានស្តាប់រឿងរ៉ាវរបស់ពួកគេ។​ ដើម្បីមកមហោស្រព ពួកគេត្រូវងើបតាំងពីព្រលឹម រករឺម៉កកង់បី ប្រមូលគ្នីគ្នា ចូលញ៉ាំអាហារពេលព្រឹក និងត្រូវចូលរកកាសែតមួយច្បាប់មកទៀត ដើម្បីស្របតាមលក្ខខណ្ឌរបស់សិក្ខាសាលា។ ពួកគេពិតជាខិតខំប្រឹងប្រែង គួរឱ្យកោតសរសើរ។

សកម្មភាពសិក្ខាសាលានិពន្ធបែបច្នៃប្រឌិត (រូបថតៈ សូ ភីណា)

វេទិកាពិភាក្សា «អក្សរសិល្ប៍ដើម្បីបាត់ដំបង» នាពេលរសៀលក៏វិសេសដែរ។ យើងបានអញ្ជើញវាគ្មិនចំនួនបួននាក់ ដែលសុទ្ធសឹងតែជាអ្នកនិពន្ធ និងសិល្បករនៅបាត់ដំបង។ វាគ្មិនរួមមាន​៖ ស្រី បណ្តូល, ឌុចផ្លែក កន្និដ្ឋា, យួង សូដា និង ចាន់ ពិសី និងបានសម្របសម្រួលដោយ យាន រស្មី។ ក្នុងវេទិកានេះ វាគ្មិនបានពិភាក្សាអំពីការងារនិពន្ធ មូលហេតុដែលចាប់ផ្តើមសរសេរ ការលំបាកនានាក្នុងអាជីពជាអ្នកនិពន្ធ និងការយល់ឃើញរបស់ពួកគេចំពោះវិស័យអក្សរសិល្ប៍នាពេលអនាគត។ ជាតំណាងក្រុមអ្នករៀបចំ ខ្ញុំពិតជារីករាយណាស់ ដែលអាចរកឃើញអ្នកនិពន្ធ ដែលស្នាក់នៅក្នុងខេត្តបាត់ដំបងសព្វថ្ងៃ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំសង្កេតឃើញមានបញ្ហាតូចមួយ ដែលភាគច្រើនកើតឡើងចំពោះអ្នកនិពន្ធនៅកម្ពុជា។ បញ្ហានោះគឺ «ការពិបាកក្នុងការហៅខ្លួនឯងថា ជាអ្នកនិពន្ធ»។ ខ្ញុំគិតថា បើកាលណាអ្នកបានចាប់ប៊ិកសរសេរអំពីអ្វីមួយ យ៉ាងយកចិត្តទុកដាក់ ក្នុងគោលបំណងជាក់លាក់ប្រាកដហើយ អ្នកគឺជាអ្នកនិពន្ធហើយ។ អ្នកមិនត្រូវគិត ឬស្តាប់សម្តីនិន្ទាពីនរណាឡើយ។ វាគ្មិនទាំងបួននាក់ មានពីរនាក់បានបោះពុម្ព និងពីរនាក់ទៀតបានសរសេរបញ្ចប់ប្រលោមលោកប្រឌិត និងរឿងពិត ដែលរង់ចាំតែថ្ងៃបោះពុម្ពប៉ុណ្ណោះ។

វាគ្មិនទាំងបួនរូប និងអ្នកសម្របសម្រួល យាន រស្មី (រូបថត៖ សូ ភីណា)

សកម្មភាពក្រៅពីសកម្មភាព ដែលបានរៀបរាប់ខាងលើ គឺជាកម្មវិធីសិល្បៈ និងកម្សាន្តជាច្រើន។ ពេលល្ងាច ក្រោយពេលខ្យល់ដេញពពកខ្មៅរកកលភ្លៀងចេញអស់ ខ្យល់ត្រជាក់ល្មម។ ឯសិល្បករដែលអញ្ជើញមកពីសមាគមហ្វារពន្លឺសិល្បៈ បានហាត់សម ត្រៀមសម្តែងជូនទស្សនិកជនកម្សាន្តជាកិច្ចបង្ហើយកម្មវិធីមហោស្រព ខណៈមនុស្សម្នាកំពុងរីករាយនឹងការគូររូបភាពនៅឡើយ។

របាំទេពស្រីសួគ៌ សម្តែងដោយសិល្បករមកពីហ្វារពន្លឺសិល្បៈ (រូបថត៖ សូ ភីណា)
សិល្បករសៀក ដែលបង្កជាសំណើចក្អាកក្អាយ ដោយទេពកោសល្យ និងកាយវិការក្រមិចក្រមើមរបស់ពួកគេ​ (រូបថតៈ សូ ភីណា)
ឈាងលី និង ថមីញ៉ូ អមដោយបណ្តូល កំពុងរៀបរាប់អំពីវីដេអូកំណាព្យ ដែលបានបញ្ចាំង (រូបថត៖ សូ ភីណា)

អ្វីដែលខ្ញុំបានសង្កេតនោះគឺសិល្បករ ដែលបានចូលរួម គឺចូលរួមទាំងបេះដូងបេះថ្លើមរបស់ពួកគេ។ គ្មានអ្វីពិសេសជាងនេះនោះទេ! សម្រាប់ចំនួនអ្នកចូលរួម ពិតជាមិនច្រើនដូចកាលពីឆ្នាំមុន តែវាហួសពីការរំពឹងទុករបស់ខ្ញុំទៅហើយ ព្រោះខ្ញុំគិតថា យើងរៀបចំពីតូចទៅមុនសិន។

ខ្ញុំសូមឆ្លៀតអរគុណ ដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមជួយរៀបចំកម្មវិធីមហោស្រពនេះ ឱ្យបានប្រព្រឹត្តទៅយ៉ាងរលូន។ បើគ្មានអ្នកទាំងអស់គ្នាជួយទេ កម្មវិធីដ៏តូចមួយនេះ នឹងមិនបានជោគជ័យទេ។ ក្រៅពីនេះ ខ្ញុំ និងក្រុមការងារសូមថ្លែងអំណរគុណដល់លោកជំទាវ ភូថង មិថុនា អភិបាលខេត្តកោះកុង ក្រុមហ៊ុន Dotfusion Digital Agency Cambodia, Image Printing, Phare, the Cambodian Circus, Phare Ponleu Selpak, និងសប្បុរសជនជាច្រើននាក់ទៀតដូចជា លោកជំទាវ Helen Javis, អ្នកស្រី ភារម្យ ហុក, លោកស្រី សុខ ចាន់ស៊ីនួន, កញ្ញា ទីវ គឹមលាង, និងលោកស្រី ថារី អមចោមចន្ទ ដែលបានជួយឧបត្ថម្ភជាថវិកា។

សូមអរគុណជាអនេកដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងវត្តដំរីស ដែលជានិច្ចកាល ដែលតែងតែជួយសហការផ្តល់ទីតាំងដល់មហោស្រពអក្សរសិល្ប៍បាត់ដំបង។

អាហារពេលល្ងាច ឧបត្ថម្ភដោយ Mony Home Stay!