• Today is: Friday, September 20, 2019

ល្ខោនខោល មរតកវប្បធម៌អរូបីនៃប្រជាជាតិអាស៊ីអាគ្នេយ៍

Phina So
December01/ 2018

កាលពីថ្ងៃទី២៨ ខែវិច្ឆិកាថ្មីៗនេះ កម្ពុជាបានអបអរសាទរ ដែលបានដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ​ នៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរី។ មួយថ្ងៃក្រោយមក ប្រទេសថៃក៏បានទទួលបានការដាក់បញ្ចូលសិល្បៈខូន (Khon) ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី តែក្នុងប្រភេទផ្សេងគ្នា។ ការចុះបញ្ជីនេះបានបណ្តាលឲ្យមានទាំងការអបអសាទរ ការយល់ច្រលំ និងការមិនសប្បាយចិត្តផងដែរ។ អត្ថបទនេះ ខ្ញុំសូមចូលរួមចំណែកចែករំលែកការយល់ដឹងរបស់ខ្ញុំចំពោះរឿងនេះ។ សូមបញ្ជាក់ថា នេះជាការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ។

ការចុះបញ្ជីរបស់ល្ខោនខោលរបស់កម្ពុជាគឺស្ថិតក្នុងចំណាត់ថ្នាក់ «បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលត្រូវការពារបន្ទាន់ (In Needs of Urgent Safeguarding)»។ ចំណែកជាប្រទេសថៃ គេទទួលបាន «បេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ (Representative) »​​។ តើចំណាត់ថ្នាក់ទាំងពីរនេះ មានន័យដូចម្តេច?

បើយោងតាមគេហទំព័ររបស់អង្គការយូណេស្កូ មរតកវប្បធម៌អរូបីដែលត្រូវបានចុះបញ្ជី «ត្រូវការពារបន្ទាន់» មានន័យថា ជាសម្បត្តិវប្បធម៌ដែលត្រូវការវិធានការណ៍ចាំបាច់ ដើម្បីការពារថែរក្សាជាបន្ទាន់ ដើម្បីឱ្យវប្បធម៌នេះនៅបន្តរស់រានសម្រាប់មនុស្សជំនាន់ក្រោយ។ ដូចនេះបើមិនជួយ គឺអាចបាត់បង់។ លោកអ្នកអាចពិចារណាដោយខ្លួនឯងបានថា «តើមានមូលហេតុអ្វីខ្លះ បានជាល្ខោនខោលខ្មែរ ជាវប្បធម៌អរូបីត្រូវការពារបន្ទាន់?»

Credit: Wonder Film

ចំណែកឯ ល្ខោនខូន នៃប្រទេសថៃបានចុះបញ្ជី​ «បេតិកភណ្ឌអរូបីនៃមនុស្សជាតិ» មានន័យថា ជាចំណាត់ថ្នាក់មិនប្រឈមនឹងភាពបន្ទាន់នៃការបាត់បង់។ ស្ថានភាពនេះគឺដោយសារ មានការការពារថែរក្សាលើកស្ទួយរួចហើយ មានរចនាសម្ព័ន្ធគ្រប់គ្រងល្អ មានគ្រូបង្រៀន មានការថែរក្សាបានល្អប្រសើរ ដែលនេះសបញ្ជាក់បន្ថែមថា បើទោះជាមិនបានទទួលការចុះបញ្ជីពីយូណេស្កូ ក៏សិល្បៈនេះនៅតែរស់រាន មិនស្ថិតក្នុងចំណាត់ថ្នាក់ «ត្រូវការពារបន្ទាន់» ដែរ។ សូមចុចទីនេះ ដើម្បីអានជាភាសាអង់គ្លេសបន្ថែម។

សម្រាប់ខ្ញុំ ខ្ញុំគិតថាវាជារឿងដែលប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមអបអរសាទរសម្រាប់ប្រទេសទាំងពីរ ដែលបានទទួលបានការចុះបញ្ជីទាំងពីរនេះ បើទោះជាមានអ្នកមួយចំនួនអាក់អន់ចិត្តពីចំណាត់ថ្នាក់នេះក្តី​ ។ បើគិតក្នុងន័យជាតិនិយម វាប្រាកដណាស់ថា«បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (Representative)» ដែលប្រទេសថៃទទួលបាន ហាក់ដូចជាមានសំឡេងខ្ពស់ជាង ឯ​ «បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលត្រូវការពារបន្ទាន់» នៃល្ខោនខោលវត្តស្វាយអណ្តែត ហាក់ដូចជាបញ្ជាក់ថា វាជិតបាត់បង់ សល់តែដង្ហើម ដែលគេត្រូវការជំនួយបន្ទាន់ បើមិនដូចនោះ កេរមរតកនេះនឹងផុតរលត់បាត់បង់។ បើគិតក្នុងនាមជាមនុស្សជាតិ ការទទួលបានការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនេះ ជាការបញ្ជាក់បង្ហាញឱ្យឃើញថា ការថែរក្សាគុណតម្លៃ និងនិរន្តរភាពនៃសិល្បៈវប្បធម៌នេះ ត្រូវបានប្រកាសដោយរដ្ឋាភិបាលថា ជាកិច្ចការចាំបាច់មួយ ដែលត្រូវធ្វើដើម្បីការពារកុំឱ្យបាត់បង់។ បន្ថែមជាងនេះទៀត តាមរយៈការចុះបញ្ជីនេះ វប្បធម៌នេះបានក្លាយទៅជាសម្បត្តិវប្បធម៌នៃមនុស្សជាតិជាផ្លូវការ។ នេះជាកិត្តិយសមួយសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានវប្បធម៌ស្រដៀងគ្នា។

រូបថត៖ យុវជនល្ខោនខោលកម្ពុជា

សម្រាប់កម្ពុជា ការចុះបញ្ជីនេះ បានលើកយកករណីល្ខោនស្វាយអណ្តែតជាករណីសិក្សាពិសេសមួយ ដែលបានថែរក្សា សំដែង ប្រារពពិធីដោយសហគមន៍ស្វាយអណ្តែតដោយផ្ទាល់។​ សូមបញ្ជាក់ថា វត្តស្វាយអណ្តែត ស្ថិតនៅក្នុងស្រុកល្វាឯម ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចម្ងាយប្រមាណជា១៥គីឡូម៉ែត្រពីក្រុងភ្នំពេញ។ បើតាមអ្នកជំនាញបាន​​ឱ្យបានដឹងថា ហេតុផលដែលគេសម្រេចចិត្តលើកយកល្ខោនខោលវត្តស្វាយអណ្តែតទៅ ព្រោះសហគមន៍ស្វាយអណ្តែត មានលក្ខណៈពិសេសជាច្រើន។​ ទីមួយ ប្រពៃណីនេះជាប្រពៃណីពិសេសរបស់សហគមន៍វត្តស្វាយអណ្តែត ទីពីរគឺទាក់ទងនឹងការរួមសាមគ្គីរបស់ប្រជាជន ដែលបានខិតខំ ស្តារឡើងវិញ សំដែងល្ខោនខោល។ ទីបីគឺបណ្តាលមកពីភាពសកម្មនៃសហគមន៍វត្តស្វាយអណ្តែត តាមរយៈការសំដែង ការតស៊ូ ដែលមានបញ្ជាក់ពីគុណតម្លៃនៃមនុស្សជាតិ និងទីបួន និងពិសេសជាងគេនោះគឺ ជំនឿដ៏រឹងមាំរបស់អ្នកស្រុកក្នុងការប្រារព្ធពិធីសំដែងល្ខោនខោល ក្នុងគោលបំណងបន់ស្រន់ និងបួងសួងសុំសេចក្តីសុខជាលក្ខណៈសហគមន៍។ ដោយសារតែជំនឿយ៉ាងមុតមាំរបស់អ្នកស្រុកដូចនេះហើយ ដែលជាមូលហេតុចំបង ដែលក្រសួងវប្បធម៌សម្រេចចិត្តជ្រើសរើសយក ល្ខោនខោលវត្តស្វាយអណ្តែត ព្រោះវាត្រូវនឹងលក្ខខណ្ឌដ៏សំខាន់ដែលតម្រូវដោយអង្គការយូណេស្កូ។

តែប្រការនេះ នាំឱ្យមានយោបល់ពីផ្សេងគ្នា។ យោបល់ទីមួយគឺ​វត្តស្វាយអណ្តែត តំណាងឱ្យតែវត្តស្វាយអណ្តែតតែមួយប៉ុណ្ណោះ ដូចនេះវាមិនបានតំណាងឱ្យល្ខោនខោលទូទៅនៃកម្ពុជាឡើយ។ យោបល់មួយទៀតគឺ គេគិតថាបើទោះបីជា ករណីនេះតំណាងឱ្យតែសហគមន៍វត្តស្វាយអណ្តែតក៏ពិតមែន តែវត្តស្វាយអណ្តែតជាតំណាងមួយនៃល្ខោនខោលខ្មែរដែរ។

រូបថត៖ យុវជនល្ខោនខោលកម្ពុជា

មានចំងល់ ក៏ដូចជាការអាក់អន់ស្រពន់ចិត្តក្នុងចំណោមជនជាតិកម្ពុជាអំពីការបង្ហោះរូបភាពអបអរសាទរប្រទេសទាំងពីរដោយអង្គការយូណេស្កូ។ រូបភាពតំណាងកម្ពុជា គឺជារូបភាពសិល្បករពីររូប ពាក់សម្លៀកបំពាក់សមញ្ញធម្មតា កំពុងសំដែងកាយវិការរាំល្ខោនខោល។ ចំណែកឯប្រទេសថៃ យូណេស្កូបានដាក់បង្ហោះរូបការសំដែងជាក្រុមរបស់សិល្បករខូនថៃ ប្រកបដោយសម្លៀកបំពាក់ល្អឆើតឆាយ ភ្លឺរន្ទេល។ ប្រការនេះបាននាំឱ្យមានការថ្នាំងថ្នាក់ជាច្រើន។ ចំពោះប្រការនេះ ខ្ញុំគិតថា រូបទាំងពីរនេះ បានបញ្ជាក់អំពីស្ថានភាពពិតជាក់ស្តែងនៃប្រទេសទាំងពីរ។ នៅកម្ពុជា សិល្បករខោលនៅវត្តស្វាយអណ្តែតខិតខំលះបង់កម្លាំងញើសឈាមផ្ទាល់ខ្លួនទាំងលំបាក ស្ទើរតែបោះបង់ចោលម្តងៗ។ សំណួរសួរថា ក្រៅពីឆាកតូចល្មមមួយ និងសម្លៀកបំពាក់មួយចំនួន ដែលបានជួយដោយអង្គការយូណេស្កូ តាមរយៈក្រសួងវប្បធម៌ តើពួកគេមានឆាកសំដែងទេ? គ្មាន។​ ពួកគេមានការឧបត្ថម្ភគ្រប់គ្រាន់ ជាប្រចាំដើម្បីធានាបានពីជីវភាពល្មមសមរស់នៅបានទេ? គ្មាន។ ពួកគេមានអ្នកគាំទ្ររឹងមាំជ្រោមជ្រែងពីប្រជាជនទូទាំងប្រទេសទេ? ទេ។ ដូចនេះ តើចង់ឱ្យពួកគាត់ពាក់សម្លៀកបំពាក់ល្អៗ ថ្លៃ ដើម្បីបិទបាំងស្ថានភាពពិត ដែលពួកគាត់កំពុងជួបប្រទះធ្វើអ្វី? ដើម្បីល្អមើល? ដើម្បីអ្វី?​ គំនិតមួយទៀត ខ្ញុំគិតថា មនុស្សភាគច្រើនឱ្យតម្លៃទៅលើសម្ភារៈ ជាជាងគុណតម្លៃ ការខិតខំ ការតាំងចិត្ត ការតស៊ូ បូជាញើសឈាមរបស់សិល្បករសហគមន៍វត្តស្វាយទៅវិញ។ ខ្ញុំមិនទោមនស្សអ្វីហ្នឹងរូបភាពនោះឡើយ តែខ្ញុំឃើញនូវគុណ វីរភាព ក្តីស្រលាញ់ ដែលពួកគេមានចំពោះល្ខោនខោលទៅវិញ។ ម៉្យាងទៀត ពួកគេទាំងពីររូបគឺកំពុងហាត់រៀនពីគ្រូចំណាស់ៗ ដូចនេះពួកគេស្លៀកពាក់ធម្មតា តាមទំលាប់អ្នកស្រុក។ បើគ្មានអ្នកស្លៀកសម្លៀកបំពាក់រយីករយាក* (ភាសានេះមិនមែនជាភាសារបស់ខ្ញុំ) ដូចបុរសពីរនាក់នេះទេ​ មិនដឹងថា តើថ្ងៃនេះកម្ពុជាអាចទទួលបានការចុះបញ្ជីនេះផងមិនដឹង?

បើប្រៀបធៀបនឹងល្ខោនខូលរបស់ប្រទេសថៃ (នេះបើតាមខ្ញុំអានព័ត៌មានបាងកកប៉ុស្តិ៍) គ្រួសាររាជវង្សថៃ ជាពិសេសគឺម្ចាស់ក្សត្រីសុរិន្ទថន បានជួយផ្គត់ផ្គង់គ្រប់បែបយ៉ាង តាំងពីឆាក សម្លៀកបំពាក់ គ្រឿងម្សៅ គ្រឿងតុបតែងលំអ ។ល។ ដូចនេះ វាមានភាពខុសគ្នាច្រើនឆ្ងាយណាស់។

ចំណាត់ថ្នាក់ទាំងពីរគឺស្ថិតនៅក្នុងចំណាត់ថ្នាក់ «បេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិ» ដូចគ្នា គ្រាន់តែមួយស្ថិតក្នុងស្ថានភាពត្រូវការពារបន្ទាន់។ ​​ចំណាត់ថ្នាក់ផ្សេង​​ៗនៃ​បញ្ជី​នេះ​មិន​មែនជាចំណាត់ថ្នាក់​លេខ១, លេខ២,​ ឬលេខខ្ពស់ទាប​ជាង​គ្នា​នោះ​ទេ ។ មួយវិញទៀត ការបានចុះបញ្ជី ជាជោគជ័យមួយ និងជាការធានាថែរក្សាសិល្បៈវប្បធម៌បុរាណនេះឱ្យបានគង់វង្ស។ ប្រការមួយទៀត ការចុះបញ្ជីនេះ មិនបានសង្កត់អះអាង ឬជជែកវែកញែកពីប្រភពដើមនោះឡើយ តែគេផ្តោតចំបងទៅលើការងារ ដែលត្រូវធ្វើនាពេលបច្ចុប្បន្ន និងអនាគត ក្នុងការធានាឱ្យវប្បធម៌នេះនៅរក្សាបាននូវប្រជាប្រិយភាព ភាពរស់រាន គុណតម្លៃនៃមនុស្សជាតិ សម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត។ ដូចនេះ ខ្ញុំគិតថា វាជារឿងដែលគួរឱ្យអបអរ ច្រើនជាងទោមនស្ស។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំយល់ចិត្តដល់ជនរួមជាតិយើងមួយចំនួន ដែលមិនសប្បាយចិត្ត។ សម្រាប់ខ្ញុំ បើបងប្អូនមិនសប្បាយចិត្តដោយសារសភាពតោកយ៉ាក និងការធ្លាក់ដល់ត្រូវការសង្រ្គោះបន្ទាន់ ខ្ញុំយល់ថា ជារឿងសមហេតុផលម៉្យាង។ តែបើមិនសប្បាយចិត្តដោយសារតែគិតថា ថៃលួចពីខ្មែរ ម្តេចក៏មានសិទ្ធិដាក់ក្នុងបញ្ជីបេតិកភណ្ឌដែរ ខ្ញុំគិតថា វាជារឿងមិនត្រឹមត្រូវ ហើយមិនចំណេញ។

រូបថតៈ យុវជនល្ខោនខោលកម្ពុជា

អ្វីដែលខ្ញុំចង់បន្ថែមនោះគឺ ការខិតខំប្រឹងប្រែងគ្មានថ្ងៃយប់របស់បុគ្គលជាច្រើនរូប ដែលបានខិតខំស្រាវជ្រាវ សរសេរចងក្រង ពិនិត្យពិភាក្សា ទំរាំបានដាក់សំណើទៅអង្គការយូណេស្កូ។ មួយទៀត ខ្ញុំគិតថា មុននឹងចោទសួរ ខឹងច្រលោត ឬជេរប្រមាថជាតិសាសន៍មួយទៀត យើងគួរឈ្វេងយល់ពីស្ថានភាពប្រទេសយើង ទាំងនយោបាយ ស្ថានភាពសេដ្ឋកិច្ច កំរិតការចូលរួម និងការយល់ដឹងរបស់ប្រជាពលរដ្ឋ ដើម្បីឈានទៅដល់ការសម្រេចចិត្តមួយ ដែលជៀសវាងបាននូវជម្លោះជាតិសាសន៍។ ដូចដែលខ្ញុំបានសរសេរកាលពីឆ្នាំមុនដែរថា វប្បធម៌មួយ តែងតែមានឥទ្ធិពលទៅវិញទៅមក ដោយចៀសមិនផុត។ ដូចនេះ ខ្មែរមានល្ខោនខោល ថៃក៏មានល្ខោនខូន ភូមាក៏គេមាន ឡាវក៏គេមានដែរ តែមានលក្ខណៈពិសេសរៀងខ្លួន។

រូបថត៖ យុវជនល្ខោនខោលកម្ពុជា

មានសំណួរជាច្រើន ដែលយើងគួរចោទសួរថា «តើរដ្ឋាភិបាលយើងបានផ្តល់ថវិកាប៉ុន្មានលានរៀលក្នុងមួយឆ្នាំដើម្បីអភិរក្ស?» តើមានប្រជាជន ឬក្រុមហ៊ុនប៉ុន្មាន ដែលបរិច្ចាគគាំទ្រដល់សិល្បៈបុរាណ? តើមានអ្នកស្រាវជ្រាវប៉ុន្មាននាក់ ដែលកំពុងតែសិក្សាស្រាវជ្រាវអំពីប្រវត្តិសិល្បៈបុរាណ? តើយើងគួរធ្វើអ្វីបន្ថែមទៀត ដើម្បីថែរក្សាវប្បធម៌អរូបីដទៃទៀតឱ្យបានគង់រង្ស? តើចំហេះឆួលនេះក្តៅបានប៉ុន្មានថ្ងៃ? បើតាមការពិនិត្យទៅលើស្ថានភាពនៃល្ខោនខោលនៅពេលនេះ នៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើ ហើយវាជាតួនាទីសម្រាប់គ្រប់គ្នា។ យើងត្រូវរួមគ្នាគាំទ្រឱ្យសិល្បៈបុរាណដ៏ល្អឯកនេះ បានរស់រានតទៅមុខទៀត តាមរយៈការចូលរួមទស្សនាការសំដែង ការឧបត្ថម្ភ ស្រាវជ្រាវបន្ថែម ជួយតាមដានការងារអភិរក្សរបស់ក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធ ជួយកៀងគរថវិកា និងជាពិសេសគឺការស្វែងរកប្រភព/ឯកសារអានប្រកបដោយការត្រិះរិះពិចារណាស៊ីជម្រៅ។

ខ្ញុំរីករាយនឹងជជែកវែកញែកជានិច្ច។

សូមអរគុណដល់ សាន ផល្លា និងបង សួន ប៊ុនរិទ្ធ ដែលបានចំណាយពេលពិគ្រោះយោបល់អំពីបញ្ហានេះ។ សូមអរគុណដល់ Soy ChanboreyLakhaon Khaol Youth of Cambodia, and Wonder Film សម្រាប់រូបថតដ៏អស្ចារ្យ។