• Today is: Thursday, June 27, 2019

ល្ខោនបាសាក់ ដែលជិតបាត់ស្រមោល

Phina So
February28/ 2016

អ្នកដែលបានកើត និងធំធាត់នៅកំឡុងទស្សវត្សទី៨០ នឹងចងចាំនូវទិដ្ឋភាពទស្សនាល្ខោនបាសាក់កាលពីសម័យនោះ។ កាលណាមានការ​សម្តែង​ល្ខោន​បាសាក់ គេតែងតែបានឃើញការប្រកាសអំពីការសម្តែង តាមរយៈរទេះសេះ រទេះគោ ឬកង់ ដែលមានមនុស្សម្នាក់ ឬពីរនាក់ ស្រែកប្រកាស ដាក់មេក្រូអំពីចំណងជើង ទីកន្លែង និងពេលវេលា។ ភាគច្រើនគេសម្តែងល្ខោនបាសាក់នៅតាមវត្តអារាម និងក្នុងពិធីបុណ្យនានា។

បន្ទាប់ពីដឹងតំណឹងនេះហើយ ប្រជាជននៅក្នុងភូមិនាពេលនោះ នាំគ្នាប្រកូកប្រកាស បបួលគ្នីគ្នាទៅមើល។ ពួកគេនាំគ្នាដាំបាយ និងបរិភោគបាយ​ល្ងាចតាំងពីថ្ងៃ គឺប្រហែលជាម៉ោង៤ ឬ ៥។ ពួកគេតែងតែកាន់កន្ទេល និងភួយទៅជាមួយ ព្រោះកាលណោះ មិនមានរោង ឬកៅអីសម្រាប់អង្គុយ​ឡើយ។ បន្ទាប់ពីទិញសំបុត្ររួចហើយ ទស្សនិកជនរកកន្លែងសមគួរ ដើម្បីក្រាលកន្ទេល ដែលក្រុមគ្រួសាររបស់ពួកគេអាចអង្គុយចុះទាំងអស់គ្នា។

ជាទូទៅ ល្ខោនមិនសម្តែងនាពេលព្រលប់ឡើយ។ យ៉ាងហោចណាស់ ក៏ម៉ោង ៨កន្លះ ឬ៩យប់ដែរ។ ដូច្នេះ ទម្រាំតែចប់ គឺដល់ម៉ោងប្រហែល ១១ ឬ ១២យប់ ឬអាចធ្លាយដល់ម៉ោង ២ ភ្លឺឯណោះ។ កុមារដែលទៅមើល​ល្ខោន គឺពិតជាងោកងុយ ហើយត្រូវដេកនឹងកន្ទេល រង់ចាំទាល់តែចប់ ទើបឳពុកម្តាយដាស់មកផ្ទះ។

ជាធម្មតា កាលនៅខេត្តពោធិសាត់ យើងនាំគ្នាដើរទៅមើលល្ខានទាំងហ្វូងៗ យើងដើរប្រហែលជាពីរ​ឬ៣ គីឡូម៉ែត្រ ពីផ្ទះ ទៅកោះសំពៅមាស ដែលជាទីប្រជុុំជន។​ ការដើរត្រឡប់មកវិញ គឺមានភាពនឿយហត់ និងងងុយដេកយ៉ាងខ្លាំង តែបំណាច់ នឹងចូលចិត្តមើលល្ខោននេះ គ្រប់គ្នា ត្រូវតែសុំម៉ែឳទៅ។ បើខែនោះ ជាខែភ្លឺ នោះការដើរមកវិញ មិនពិបាកប៉ុន្មានទេ ព្រោះមានពន្លឺចន្ទជួយបំភ្លឺផ្លូវ។ តែបើខែងងឺតវិញ យើងត្រូវត្រៀមពិល បើមិនដូច្នេះទេ នឹងត្រូវដើរទាំងងងឹតមិនខានទេ។

ល្ខោនបាសាក់ មានប្រភពនៅក្នុងស្រុកបាសាក់ ខេត្តព្រះត្រពាំង (បច្ចុប្បន្នជាកម្ពុជាក្រោម ប្រទេសវៀតណាម)។ ទម្រង់របស់ល្ខោននេះ ទទួល​ឥទ្ចិពលពីវប្បធម៌ចិន និងវៀតណាម ប៉ុន្តែតន្រ្តី និងចម្រៀងរបស់ល្ខោនបាសាក់ មានលក្ខណៈពិសេស ពីទម្រង់សិល្បៈដទៃទៀតរបស់ខ្មែរ ។ ជាទូទៅ សិល្បៈទម្រង់នេះ មានលក្ខណៈជាក្រុមគ្រួសារ ដូចក្រុមសិល្បៈសៀក របស់បណ្តាប្រទេសអ៊ឺរុប និងអាមេរិក កាលសម័យមុនការរីកចម្រើនផ្នែកស្សាហកម្ម (ភ្នំពេញប៉ុស្តិ​​ 2001)។

លោ្ខនបាសាក់ ដែលធ្លាប់មានប្រជាប្រិយភាព និងអាចរស់រានបន្តពីរបបខ្មែរក្រហម នៅពេលនេះ កំពុងតែប្រឈមនឹងការបាត់បង់ ដែលគួរឲ្យបារម្ភ។ ការបាត់បង់ប្រជាប្រិយភាពនេះ អាចបណ្តាលមកពីកត្តាដូចជា ភាពក្រីក្រ ការកើនប្រជាប្រិយភាពនៃទូរទស្សន៍ និង វីដេអូខារ៉ាអូឃេ។​ ប្រការមួយទៀត ដែលសំខាន់គឺខ្វះការយកចិត្តទុកដាក់ពីសំណាស់រដ្ឋាភិបាល ក្នុងការបង្កើតគោលនយោបាយវប្បធម៌ និងការអនុវត្ត ក្នុងការផ្តល់ លទ្ធភាពដល់សិល្បករ​ ដើម្បីអាចបន្តការថែរក្សា និងកែច្នៃសិល្បៈបូរាណរបស់ខ្មែរមួយនេះ ឲ្យគង់វង្សសម្រាប់ខ្មែរជំនាន់ក្រោយ។

ដោយឡែកនៅភ្នំពេញថ្មី មានក្រុមសិល្បៈល្ខោនបាសាក់មួយក្រុម បាននឹងកំពុងសម្តែងជារៀងរាល់យប់ ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០១៦ នៅម្តុំដីឡូមួយកន្លែងនៅជិតផ្សារ​ឈូក​មាស។ សំបុត្ររបស់ម្នាក់គឺ ៣០០០ រៀល (0.75 USD) និង​​៥០០ រៀលសម្រាប់កុមារ។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួនអំពីក្រុមល្ខោននេះ។

រូបថត៖ អុន ស៊ីវុធថា
រូបថត៖ អុន ស៊ីវុធថា
រូបថត៖ អុន ស៊ីវុធថា
រូបថត៖ អុន ស៊ីវុធថា