• Today is: Tuesday, June 18, 2019

ល្ខោនយីកេ “កាកី” និងភាពជោគជ័យ

Phina So
June20/ 2017

កាលពីរាត្រីទី១៨ ខែមិថុនានេះ ក្រុមយីកេអមតៈ ដោយមានការឧបត្ថម្ភពីអង្គការសិល្បៈខ្មែរអមតៈ និង ភ្លើងគុប បានពាំនាំនូវទស្សនីយភាពល្ខោនយីកេ “រឿងកាកី” មកសម្តែងជូនទស្សនិកជន នៅឆាកសម្តែងរបស់អង្គការសិល្បៈខ្មែរអមតៈ ដែលស្ថិតនៅក្នុងបរិវេណសារមន្ទីរជាតិ។ ល្ខោនយីកេនេះ ត្រូវបានតម្លើងសារឡើងវិញ ដោយអ្នកតម្លើងរបាំ អ៊ុយ លតាវណ្ណ។ សំបុត្រត្រូវបានលក់ដាច់អស់។ ទស្សនិកជនបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដែលមិនត្រឹមតែចំណាយពេលពេញមួយម៉ោងប៉ុណ្ណោះទេ គឺថែមទាំងរង់ចាំចូលរួមកម្មវិធីជជែកពិភាក្សា នៅពេលចប់ការសម្តែងផងដែរ។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងពិពណ៌នាអំពីប្រតិកម្មត្រលប់របស់ទស្សនិកជន។ ជាទូទៅ ប្រតិកម្មរបស់ទស្សនិកជនគឺល្អប្រសើរ ដែលខ្ញុំពេញចិត្ត។  ខ្ញុំសូមចែកប្រតិកម្មជាបីគឺ មុន កំឡុងពេល និងក្រោយពេលសម្តែង។

ខ្ញុំបានសាកសួរទស្សនិកជនវ័យក្មេងមួយចំនួន មុនពេលកាសម្តែង។ មួយចំនួនធំ បាននិយាយថា ពួកគេធ្លាប់បានឮ អំពីរឿងកាកី ប៉ុន្តែពុំមាននរណាម្នាក់អះអាងថា បានដឹងច្បាស់អំពីខ្សែរឿងនេះឡើយ។ នៅពេលដែលត្រូវបានសួរថា តើពួកគេយល់ថា ពាក្យ “កាកី”​ មានន័យយ៉ាងណានោះ ភាគច្រើនបានឆ្លើយថា “កាកី គឺសម្តៅលើស្រ្តីដែលសាវ៉ា​ មានប្តីច្រើន មានចិត្តមិនស្មោះត្រង់…”។ មានទស្សនិកជនមួយចំនួនតូចក៏បានឆ្លើយថា ពួកគេមិនដែលបានឮ និងដឹងអំពីរឿង “កាកី” ពីមុននោះមកទេ។ពេលមុនសម្តែង ទស្សនិកជនដែលមានសំបុត្រកក់ជាមុន ប្រញាប់ប្រញាលចូលរកកន្លែងអង្គុយរង់ចាំទស្សនា។ តែមួយភ្លែត ភ្ញៀវបានអង្គុយរង់ចាំរហង់ទៅហើយ។ ភ្ញៀវខ្លះបានសរសេរការយល់ឃើញរបស់ពួកគេ នៅលើស្ទិកឃឺរ ដែលបានជូនដោយក្រុមការងារ។ ប្រហែលជាមួយម៉ោងមុនការសម្តែងសម មានមនុស្សម្នាជាច្រើនបានមកអង្គុយត្រៀបត្រា។ ក្រោយមកទើបយើងដឹងថា ពួកគាត់ជាភ្ញៀវមកទស្សនាសារមន្ទីរ ហើយចាប់អារម្មណ៍យ៉ាងខ្លាំងនឹងល្ខោនយីកេកាកីនេះ ពួកគាត់ក៏សុំក្រុមការងារ ដើម្បីបានទស្សនាការសម្តែងសម។ ពួកគេមិនសប្បាយចិត្តទាល់តែសោះ នៅពេលក្រុមការងារបានសុំឲ្យពួកគាត់អញ្ជើញចេញ ដើម្បីយើងរៀបចំសណ្តាប់ធ្នាប់ និងសម។ ខ្ញុំបានសួរអ៊ំស្រីម្នាក់ថា តើគាត់បានធ្លាប់មើលការសម្តែងរឿងកាកីពីមុនមកទេ គាត់បានឆ្លើយយ៉ាងកំបុតកំបុយថា “មកពីមិនដែលបានមើលហ្នឹងហើយ បានជាអង្គុយចាំមើលហ្នឹង!”។ ចម្លើយរបស់គាត់ ធ្វើឲ្យខ្ញុំយល់ថា មានប្រជាជនកម្ពុជាច្រើនណាស់ ដែលស្រឡាញ់​ និងគាំទ្រសិល្បៈ ប៉ុន្តែសិល្បៈពុំត្រូវបានយកទៅសម្តែងឲ្យបានទូលំទូលាយនោះឡើយ។ ម្យ៉ាងទៀត ប្រជាជនខ្មែរមួយចំនួនធំ នៅតែគិតថា សិល្បៈ គឺជាការសម្តែងដោយមិនគិតប្រាក់កម្រៃ។ ទំនោរនេះ អាចបណ្តាលមកពីមូលហេតុមួយគឺ ជាលក្ខណៈប្រពៃណីយ សិល្បៈត្រូវបានជួលដោយគ្រួសារ ដែលមានជីវភាពធូរធារ និងជឿលើផលបុណ្យ តាមជំនឿសាសនា មកជូនអ្នកភូមិបានទស្សនាដោយសេរី។

ចំណែកឯប្រតិកម្មរបស់ទស្សនិកជនកំឡុងពេលសម្តែងវិញម្តង គឺមានលក្ខណៈល្អ គួរឲ្យកោតសរសើរ។ ប្រតិកម្ម ដែលគួរឲ្យកត់សម្គាល់គឺ ភាពស្រងូតស្រងាត់នៅពេលដែលនាងកាកី នៅពេលដែលគន្ធ័នចាប់បង្ខំ ដែលផ្ទុយពីការសម្តែងនៅបុណ្យភូមិ ដែលទស្សនិកជនមួយចំនួនបានហ៊ោរចំអកទៅវិញ។  ឈុតមួយទៀត ទស្សនិកជនក៏បានរក្សាភាពស្ងៀមស្ងាត់ នៅពេលដែលតួអង្គស្តេចព្រហ្មទត្តបាននិយាយថា “ស្តាយថ្វីស្រ្តីចំណីរោគា ធ្វើជាស្តេច មានស្រ្តីស្នំរាប់រយសោះសល់នោះ?” ដែលហាក់ដូចជាសម្តែងនូវមតិមិនគាំទ្រនូវទង្វើរបស់តួអង្គស្តេច ដែលគ្មានភក្តីភាពចំពោះនាងកាកី ដែលធ្លាប់ជាអគ្គមហេសី និងដែលខ្លួនបានសច្ចារជាមួយព្រះមុនីឥសី ថានឹងថែរក្សានាងអស់មួយជីវិតនោះ។ បន្ថែមជាងនេះទៀត ទស្សនិកម្នាក់ ដែលអង្គុយពីក្រោយខ្ញុំ ដែលខ្ញុំបានឮយំខ្សឹកខ្សួលផងនោះ និយាយតិចថា “ហ៊ឹស…ខ្លួនឯងមានស្រីគគោក…បែរជា…”

ក្រោយពីការសម្តែងបានបញ្ចប់ កម្មវិធីសំណួរចម្លើយ ក៏បានចាប់ផ្តើម។ សម្របសម្រួលដោយនាដការីដ៏ឆ្អើម “ប៊ែល” អ្នកគ្រូ លតាវណ្ណ បាននិយាយថា “ល្ខោនយីកេ រឿងកាកី ដែលតម្លើងថ្មីនេះ មានបំណងពាំនាំឲ្យទស្សនិកជន ងាកមកមើល កាកី ពីជ្រុងម្ខាងទៀត ពោលគឺស្វែងយល់ពីស្ថានភាព ហេតុនិងផល អំណាច និងកិច្ចកលរបស់តួអង្គពាក់ព័ន្ធទាំងអស់ រួមទាំងតាឥសីផង ដែលជាកត្តារុញច្រានឲ្យកាកី ឈានជើងពីស្ថានភាពមួយ ទៅស្ថានភាពមួយទៀត។” នៅពេលដែលត្រូវបានសួរថា តើតួអង្គទាំងបីមានអារម្មណ៍យ៉ាងណា ចំពោះនាងកាកី សិល្បករ “គឹមស”  សម្តែងជាតួអង្គស្តេចព្រហ្មទត្តបានឆ្លើយថា “អាណិតចំពោះនាងកាកី!”។ ចំណែកឯតួគ្រុឌ បានផ្តល់ចម្លើយ ដែលផ្តោតលើការផ្ចង់អារម្មណ៍សម្តែង ខណៈដែលតួគន្ធ័ន បានថ្លែងថា ខ្លួនគេមានការអាណិតនាងកាកី និងមានបំណងសូមទោសដល់នាង ចំពោះកាយវិការ និងសម្តីសម្តៅដែលតម្រូវឲ្យតួអង្គខ្លួនសម្តែងក្នុងសាច់រឿង។ សំណួរមួយទៀតគឺ តើគ្រុឌ និងស្តេចព្រហ្មទត្តមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា? សំណួរនេះបានសរបញ្ជាក់ថា អក្សរសិល្ប៍ខ្មែរដ៏ចំណាស់នេះ មិនត្រូវបានផ្សព្វផ្សាយទូលំទូលាយនោះឡើយ។ ក្រៅពីសំណួរ គឺមានការសម្តែងការគាំទ្រ និងសំណូមពរឲ្យមានឆាកធំ និងបង្កើនការផ្សព្វផ្សាយឲ្យទូលំទូលាយជាងមុន។

ឈុតពេជ្ឈឃាដនាំនាងកាកីទៅបណ្តែតពោងពាយ (រូបថត៖ ជឿន សុជាតា)

ក្រោយការសម្តែង ទស្សនិកជនមួយគ្រួសារបានប្រាប់ខ្ញុំថា គ្រាន់តែដឹងថាមានការសម្តែងល្ខោនយីកេរឿងកាកីភ្លាម គាត់ប្រញាប់ប្រញាលកក់សំបុត្រភ្លាម តែនៅពេលដែលខ្ញុំសួរគាត់ ថាតើគាត់បានដឹងពីអ្វីខ្លះអំពីរឿងកាកី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប្តីគាត់ទេ ដែលបានប្រាប់គាត់ថា “កាកីពុំមានកំហុសអ្វីឡើយ…អ្នកដែលមានកំហុស គឺមកពីបុរសទាំងបី”។ ខ្ញុំបានបន្តសួរដេញដោលគាត់បន្ថែម អំពីការងាររបស់ប្តីរបស់គាត់។ គាត់បានប្រាប់ឲ្យដឹងថា ប្តីគាត់ធ្វើការនៅព្រលានយន្តហោះ តែជាអ្នកចូលចិត្តអានសៀវភៅ ដូចនេះហើយបានជាគាត់យល់ដឹងច្រើនអំពីអក្សរសិល្ប៍ខ្មែរ។

សរុបមក ទស្សនិកជនភាគច្រើនដែលបានមកទស្សនា គឺពោរពេញដោយក្តីស្រឡាញ់ និងចង់ដឹងថា តើល្ខោនយីកេកាកីនេះមានលក្ខណៈពិសេសយ៉ាងណាខ្លះ។ ក្នុងនាមជាប្រតិបត្តិករសិល្បៈមួយរូប ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ដែលបានឃើញមានការគាំទ្រយ៉ាងពេញទំហឹងពីទស្សនិកជនកម្ពុជា។ សម្តីអ្នកគ្រូលតាវណ្ណ បានមានប្រសាសន៍ថា “ឃើញការគាំទ្រដូចនេះ ធ្វើឲ្យអ្នកគ្រូមានសង្ឃឹមឡើងវិញថា ទម្រង់ល្ខោនយីកេ នឹងមិនសាបសូន្យឡើយ។

នៅប្លុកបន្ទាប់ ខ្ញុំនឹងសរសេរអំពី​ ការវិភាគ នៃខ្សែរឿងថ្មីនេះ។ សូមរង់ចាំអាន!