• Today is: Thursday, June 27, 2019

«វិធាវី២០១៦» បានសម្ពោធហើយ

Phina So
February25/ 2017

ពូកអង្គុយនៅលើឥដ្ឋ កៅអីពណ៌ស និងសាឡុងតូចល្មមចំនួន៦ ត្រូវបានគេរៀបចំយ៉ាងស្អាតគួរឲ្យរំភើប សម្រាប់ទទួលអ្នកនិពន្ធនៃសៀវភៅ «វិធាវី២០១៦»។ នោះជាទិដ្ឋភាពនៃកម្មវិធីសម្ពោធសៀវភៅ «វិធាវី២០១៦ និងរឿងខ្លីដទៃទៀត» នៅ ស ស បាសាក់ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី ២៣ កុម្ភៈ ឆ្នាំ ២០១៧។ នេះជាការសហការដំបូងរវាងគ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរា និងអង្គការសិល្បៈ ស ស បាសាក់។

រូបថត៖ ស ស បាសាក់

កម្មវិធីរបស់យើងគឺមាន៖​ ការណែនាំអំពីគ្រឹះស្ថានបោះពុម្ពកម្ពុមេរា សៀវភៅវិធាវី២០១៦ និងអ្នកនិពន្ធ។ កម្មវិធីបន្ទាប់គឺការអានរឿងខ្លីរបស់អ្នកនិពន្ធចំនួន ៦ រូប និងកម្មវិធីបញ្ចប់គឺសំនួរចម្លើយ។

គ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរាត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ដោយខ្ញុំផ្ទាល់ និង គី សុជាតា បន្ទាប់ពីបានពិភាក្សាគ្នា និងបានជួបប្រទះនឹងការលំបាកមួយចំនួនក្នុងការបោះពុម្ព។ នៅពេលនោះ ពួកយើងបាននិពន្ធ និងចងក្រងរឿងខ្លីរបស់យើងរួចទៅហើយ ហើយបានព្យាយាមកែលំអអក្ខរាវិរុទ្ធបណ្តើរ និងព្យាយាមរកគ្រឹះស្ថានបោះពុម្ពបណ្តើរ…ក្រោយមកយើងក៏គិតថា ម្តេចយើងមិនបង្កើតមួយដោយខ្លួនឯងតែម្តងទៅ? បន្ទាប់មក យើងក៏បានរើសយកឈ្មោះ «កម្ពុមេរា» ធ្វើជាឈ្មោះ។ សម្រាប់គ្រឹះស្ថានបោះពុម្ពកម្ពុមេរា យើងមានទស្សនវិស័យថា អក្សរសិល្ប៍ខ្មែរនឹងមានលទ្ធភាពទូលំទូលាយ ប្រកបដោយគុណតម្លៃ និងច្នៃប្រឌិត។ បេសកម្មរបស់យើងគឺ បោះពុម្ពផ្សាយរឿងរ៉ាវពីកម្ពុជា ជាពិសេសគឺផ្តោតការយកចិត្តទុកដាក់ទៅលើរឿងរបស់ស្រ្តី។

រូបថត៖ ស ស បាសាក់

តាំងពីឆ្នាំ២០១៥ មក គ្រឹះស្ថានបោះពុម្ពផ្សាយកម្ពុមេរាបានបោះពុម្ពចំនួន ២ ចំណងជើង គឺ «ធ្លាក់ក្នុងអន្លង់ស្នេហ៍» និង «វិធាវី២០១៦ និងរឿងខ្លីដទៃទៀត»។ យើងកំពុងតែគិតដល់ការប្រមូលរឿងសម្រាប់ការបោះពុម្ពលើកទីបី ដែលមានលក្ខណៈច្នៃប្រឌិត និងលំបាក ក្រោមប្រធានថ្មី និងប្លែក។

រូបភាពក្របមុខរបស់សៀវភៅធ្លាក់ក្នុងអន្លង់ស្នេហ៍ គូររូបដោយ ហួត កេតមុនី
គូររូបដោយ ហួត កេតមុនី រចនាអក្សរដោយ Xavier Dupre

កម្ពុមេរាផ្តោតការយកចិត្តទុកដាក់ទៅលើរឿងខ្លីបែបប្រឌិត និងពិត ពីព្រោះអ្នកនិពន្ធ ស្ទើរតែទាំងអស់ សុទ្ធតែមានការងារពេញម៉ោង ដូចនេះការសរសេររឿងខ្លី អាចបង្កលក្ខណៈងាយស្រួលក្នុងការសរសេរដល់អ្នកនិពន្ធ និងអាចអ្នកនិពន្ធជាច្រើនរូបអាចធ្វើការជាមួយគ្នាបាន។ ដូចនេះ យើងនឹងបន្តការងាររបស់យើងក្នុងការបោះពុម្ពស្នាដៃល្អៗ ថ្មីៗ របស់អ្នកនិពន្ធថ្មីផងដែរ ដើម្បីបន្តជូយស្តារវិស័យអក្សរសិល្ប៍ និងបង្កលក្ខណៈល្អប្រសើរសម្រាប់អ្នកនិពន្ធ ឬអ្នកមានអជីពសរសេរថ្មីថ្មោង មានឱកាសបោះពុម្ពស្នាដៃរបស់ខ្លួន។

សៀវភៅ «វិធាវី២០១៦ និងរឿងខ្លីដទៃទៀត» មានទាំងអស់១៥រឿង ចូលរួមដោយអ្នកនិពន្ធទាំងអស់ ៨ រូប។ អ្នកនិពន្ធគឺ សូ ភីណា គី សុជាតា ហួត ស៊ីលវី ហឺ ហ៊ិន ហង្ស អច្ឆរិយា យ៉េង ឈាងលី ហួត កេតមុនី និង​ ផាវណា ខេមឡានី ដែលជាជនជាតិឥណ្ឌា សព្វថ្ងៃរស់នៅទីក្រុងបាងកក។

រូបថត៖ ហ៊ួង សូដែត