• Today is: Monday, September 23, 2019

សូមណែនាំ ខេត្តណារ៉ាធីវ៉ាត់!

Phina So
October23/ 2018

និយាយតាមពិតទៅ ខ្ញុំមានការបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពចំពោះការធ្វើដំណើរទស្សនកិច្ចសិក្សានៅខេត្តភាគខាងត្បូងប្រទេសថៃ គឺខេត្តប៉ាត់ថានី និងណារ៉ាធីរ៉ាត់ ព្រោះខ្ញុំធ្លាប់អានព័ត៌មានដែលផ្សាយអំពីអំពើហិង្សានាពេលកន្លងមក។ ប៉ុន្តែដោយនេះជាការងារ និងម៉្យាងជានិស្ស័យរបស់ខ្ញុំ ដែលចូលចិត្តផ្សងព្រេង ចង់ចេះចង់ដឹង និងចង់សាកល្បងអ្វីដែលថ្មី ប្លែកផងនោះ ខ្ញុំក៏សម្រេចចិត្តទៅទីនេះ។ វាជាសកម្មភាពនៃដំណើរផ្លាស់ប្តូរវប្បធម៌នៃកម្មវិធីទស្សនវប្បធម៌ របស់អង្គការសិល្បៈខ្មែរអមតៈ​ ប្រចាំឆ្នាំ២០១៨។ នៅក្នុងប្លុកនេះ ខ្ញុំនឹងរៀបរាប់អំពីស្ថានភាពពិតជាក់ស្តែងនៃខេត្តទាំងពីរ ស្ថានភាពសិល្បៈ និងវប្បធម៌ និងចំណេះដឹងថ្មីៗប្លែកៗពីទីនេះ តាមរយៈរូបភាពនានា។​

តូបលក់អាហារនៅតាមផ្លូវនៅក្នុងខេត្តណារ៉ាធីវ៉ាត់។

ខេត្តណារ៉ាធីវ៉ាត់​ ជាខេត្តភាគខាងត្បូងបំផុតនៃប្រទេសថៃ និងជាខេត្តបី ជាមួយខេត្តប៉ាត់ថានី និងខេត្តយ៉ាឡា ដែលជាខេត្តរងនូវអំពើហិង្សាជាច្រើនឆ្នាំមកហើយ។ ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តប៉ាត់ថានី  និងយ៉ាឡា និងជាប់នឹងរដ្ឋខេឡានតាន នៃប្រទេសម៉ាឡេស៊ី។ បើតាមការអានត្រួសៗពីវីគីពេឌាគឺ តំបន់នេះ​ត្រូវបានគ្រប់គ្រងដោយស្តេចត្រាញ់ម៉ាឡេ តែត្រូវថ្វាយសួយសារអាករទៅអាណាចក្រទើបនឹងកើតថ្មីដល់ទៅពីរគឺ អាណាចក្រសុខោទ័យ និងអយុធ្យា។ ក្រោយមកខេត្តនេះ បានក្លាយជាខេត្តមួយរបស់អាណាចក្រសៀមចាប់តាំងពីឆ្នាំ១៩០៩តមក។

ទិដ្ឋភាពភ្នំមួយនៅក្បែរព្រះវិហារចំណាស់អាយុជាង៤០០ឆ្នាំ។

ខេត្តនេះមានប្រជាជនជាអ្នកកាន់សាសនាអ៊ីស្លាមប្រមាណជាង ៨០ ភាគរយ។ ប្រជាជននៅនិយាយភាសាប៉ាត់ថានីម៉ាឡេ និងមានប្រពៃណីទំនៀមទំលាប់ដូចគ្នានឹងប្រជាជននៅរដ្ឋខេឡានតាន ប្រទេសម៉ាឡេស៊ីនាពេលបច្ចុប្បន្ន ដែលនៅជាប់ព្រំប្រទល់គ្នានោះដែរ។

ទូកនេសាទរបស់ជនជាតិម៉ាឡេ នៅខេត្តណារ៉ាធីវ៉ាត់។

មានសំណួរជាច្រើនបានសួរថា «ហេតុអ្វីប៉ាត់ថានី និងណារ៉ាធីរ៉ាត់?» «ទៅធ្វើអ្វី បើទីនោះនៅមានអំពើហិង្សា​ និងជម្លោះនៅឡើយ?» ខ្ញុំគ្មានចម្លើយពិតប្រាកដទេ ក្រៅពីឆ្លើយថា «មិនអីទេ!» ឬក៏ «ពួកយើងនឹងមានសិល្បករនៅទីនោះជួយបង្ហាញផ្លូវហើយ!»។ នៅពេលយន្តហោះទៅដល់ព្រលានយន្តហោះអន្តរជាតិហាត់យ៉ៃ (ស្ថិតក្នុងខេត្តសុងក្លា) យើងសង្កេតឃើញមានប្រជាជនស្លៀកសម្លៀកបំពាក់អ៊ីស្លាមព្រោងព្រាត។ ក្រោយពីវង្វេងរកអ្នកបើកបរប្រហែល១៥ នាទីមក យើងបានចាកចេញពីហាត់យ៉ៃ ឆ្ពោះទៅខេត្តប៉ាត់ថានី ដោយត្រូវធ្វើដំណើរអស់រយៈពេលប្រហែលជាពីរម៉ោង ទើបទៅដល់សណ្ឋាគារ C.S. Pattani Hotel។​ នៅតាមផ្លូវ យើងឃើញមានទាហានដាក់ប៉ុស្តិ៍យាមតាមផ្លូវដែរ តែមិនមានអ្វីត្រូវភ័យសោះ។

ជាប្រពៃណីរបស់អ្នកស្រុក គឺស្លឹកម្លូតំណាងឲ្យបេះដូង។ នៅពេលមានភ្ញៀវទៅលេងផ្ទះ ម្ចាស់ផ្ទះនឹងទទួលរាក់ទាក់ ដោយហុចម្លូស្លាទៅភ្ញៀវ ដែលគេមានន័យថា «ខ្ញុំឲ្យបេះដូងទៅអ្នក» ឬ «ខ្ញុំស្រលាញ់រាប់អានអ្នក!» ជាប្រពៃណីស្រដៀងខ្មែរដែរ តែខ្ញុំមិនដឹងថា ស្លាម្លូមានអត្ថន័យយ៉ាងណាក្នុងសង្គមខ្មែរ។ ខ្ញុំនឹងសិក្សាបន្ថែម។

ផ្ទះអ្នកស្រុកមួយ នៅពីក្រោយព្រះវិហារអាយុ៤០០ឆ្នាំ។

 

ថ្ងៃអាទិត្យទី១៤ ខែតុលា ពួកយើងបានទៅខេត្តណារ៉ាធីវ៉ាត់។ នៅទីនោះយើងបានជួប Prach Pimarnman ជាអ្នកសម្របសម្រួល។ យើងបានទៅជួបលោក Rasmin ដែលជានាយកសារមន្ទីរ Ming (Khunrahan Musuem) ដែលបានប្រមែប្រមូល ដាក់តាំងបង្ហាញពីវត្ថុបុរាណ ទាក់ទងនឹងប្រពៃណី ទំនៀមទំលាប់ និងជីវភាពរស់នៅរបស់ប្រជាជនម៉ាឡាយូ ដែលជាជនជាតិដើម​តាំងទីលំនៅនៅតំបន់នេះ និងមានប្រពៃណី អត្តសញ្ញណាពិសេសផ្ទាល់ខ្លួន តាំងពីមុនសាសនាអ៊ីស្លាមពីអារ៉ាប់បានមកដល់ម៉្លេះ។ សារមន្ទីរនិងប្រជាជននៅណារ៉ាធីវ៉ាត់បានរៀបចំជាមហោស្រពវប្បធម៌ ទៅតាមធនធានដែលមានផងដែរ។

លោក Rasmin កំពុងពន្យល់ប្រាប់ពួកយើងយ៉ាងមានមោទនភាព។

បន្ទាប់មក យើងបានទៅ​ De’ Lapae Art Space Narathiwat ដែលជាកន្លែងសិល្បៈសហសម័យមួយកន្លែងនៅកណ្តាលក្រុងណារ៉ាធីវ៉ាត់។ កន្លែងមួយនេះត្រូវបានបង្កើតឡើងប្រមាណជា៧ឆ្នាំមុន តែទើបតែបើកជាផ្លូវការ ដោយបានពង្រីក ជួសជុលបន្ថែមប្រហែលជាមួយឆ្នាំមកនេះ។ នៅទីនោះ មានបន្ទប់ពិព័រណ៍ បន្ទប់ប្រជុំ កាហ្វេ បន្ទប់សិក្ខាសាលា និងបន្ទប់សម្រាប់សិល្បករ ដែលមកធ្វើកម្មសិក្សាចំនួនបួនបន្ទប់។ ប្រាជ្ញ បានប្រាប់ឲ្យដឹងថា កន្លែងសិល្បៈនេះស្វាគមន៍សិល្បករកម្ពុជាជានិច្ច។

ស្នាដៃសិល្បៈរបស់សិល្បករ Amru Thaisnit ដែលតាំងបង្ហាញនៅ De Lapae Art Space Narathiwat។ គាត់បានប្រាប់ថា ស្នាដៃនេះគឺជារូបភាពជាផ្នូរ និងមានគ្រាប់កាំភ្លើង ជាកិច្ចរំលឹកដល់ជនស្លូតត្រង់ ដែលបានទទួលមរណភាពពីអំពីហិង្សានាពេលកន្លងមក។ ស្នាដៃទាំងនេះ ជួយឲ្យគាត់ផ្សះផ្សា និងព្យាបាលខ្លួនគាត់។
នារីខ្មែរពីរនាក់ នៅព្រះវិហារអ៊ីស្លាម ដែលចំណាស់ជាងគេក្នុងតំបន់។
សិល្បករ Keeta Isran សហស្ថាបនិក De’ Lapae Art Space Narathiwat។ ស្នាដៃសិល្បៈរបស់គាត់ខាងក្រោយខ្នង រួមនឹងសិល្បករបីរូបទៀត នៃក្រុម Muslimah ត្រូវបានអញ្ជើញឲ្យចូលរួមពិព័រណ៍នៅ Bangkok Arts Biennale។

តាមការអានព័ត៌មាននានាធ្វើឲ្យគិតថា នៅទីនោះគ្មានសុវត្ថិភាព និងមានតែអំពើហិង្សា។ ប៉ុន្តែ ពេលយើងបានទៅដល់ ធ្វើឲ្យយើងដឹងថា វាជាខេត្តដែលមានប្រជាជនស្រលាញ់សន្តិភាព រួសរាយរាក់ទាក់ និងរីករាយបំផុតដែលឃើញពួកយើងទៅដល់ និងចង់ដឹងពីវប្បធម៌របស់ពួកគេ។ បើទោះជាយើងជូនពួកគេតែក្រមាដ៏តិចតួចស្តួចស្តើង ពួកគេសំដែងនូវអំណរ និងពោលពាក្យថា ស្អាតណាស់ ល្អណាស់ អរគុណណាស់ មិនដាច់ពីមាត់។ ម្តងហើយម្តងទៀត ពួកគេបានផ្តាំពួកយើងឲ្យទៅលេងនៅទីនោះទៀត ទោះជាទៅក្នុងនាមទេសចរក៏ដោយ។

នៅមានតទៀត ពីខេត្តប៉ាត់ថានី…