• Today is: Thursday, June 27, 2019

អនុស្សាវរីយ៍ពីក្រុងប៉ារីស​ដ៏សែនត្រជាក់

Phina So
November26/ 2017

ខ្ញុំបានទៅលេងទីក្រុងប៉ារីស ប្រទេសបារាំង។ ខ្ញុំតែងតែគិតថា ក្រៅពីទៅទស្សនាទីកន្លែងទេសចរណ៍សំខាន់ៗ និងបានញ៉ាំអាហារឆ្ងាញ់ៗ និងបានជួបក្រុមគ្រួសារខ្មែរ នឹងគ្មានអ្វីពិសេសជាងនេះនោះទេ។ តែតាមពិត ខ្ញុំបានទទួលនូវបទពិសោធន៍ជាច្រើនដ៏គួរឲ្យរំភើបរីករាយ។ ខ្ញុំនឹងរៀបរាប់អំពីបទពិសោធន៍ទាំងនោះ។

សាឡាត់ និងត្រីធូណាដ៏ឆ្ងាញ់ពិសា

ទីមួយគឺការទទួលបានការស្នាក់នៅផ្ទះរបស់មិត្តភត្តិបារាំងម្នាក់ ដែលផ្ទះនោះស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុងប៉ារីស។ សង្កាត់នោះគឺ បាស្ទីយ៍ (Bastille)​​ និងស្ថិតនៅលើផ្លូវ រូ ឌឺ ឡាប (Rue de Lappe)។ នៅពេលយប់ ផ្លូវមួយនេះគឺអ៊ូអរណាស់ ពោរពេញទៅដោយយុវវ័យ ដើរត្រសងពាសពេញផ្លូវ រកចូលបា ក្លឹប និងអាហារនាពេលល្ងាចដ៏សែនមនោរម្យ។ បន្ទប់ដែលខ្ញុំស្នាក់នៅ គឺតូចយកតែមែនទែន ពោលគឹសម្រាប់តែមនុស្សតែម្នាក់គត់ស្នាក់នៅ។ បើនៅពីរនាក់ នោះគេនឹងដើរបុកតែគ្នា ជាមិនខាន។ នៅពេលដែលខ្ញុំប្រាប់មិត្តភក្តិដទៃទៀត អំពីអសយដ្ឋានដែលខ្ញុំបានស្នាក់នៅនៅទីក្រុងប៉ារីស គ្រប់គ្នាពោលថា «ឱ! នេះបានចំជាកណ្តាលទីក្រុងមែន!»។ ខ្ញុំពិតថាសំណាងណាស់ ដែលបានទទួលបានបទពិសោធន៍វប្បធម៌ប៉ារីស​យ៉ាងពិតប្រាកដ។

ទេសភាពច្រកចូលផ្ទះរបស់ម៉ារី!
សំបុត្រដែលម៉ារីបានសរសេរទុកឲ្យ!

បទពិសោធន៍ទីពីរគឺ ការជួប សុបុត្រា ដោយផ្ទាល់ជាលើកដំបូង​ ហើយគឺនៅទីក្រុងប៉ារីសទៅទៀត។ ខ្ញុំស្គាល់សុបុត្រាតាមរយៈសុជាតា​ មិត្តជិតស្និទ្ធរបស់ខ្ញុំ។ ក្រោយមក សុបុត្រាបានផ្ញើរឿងខ្លីចំនួន២ចំណង ដែលក្រោយមកកម្ពុមេរា បានសម្រេចជ្រើសរើសរឿងមួយចំណងជើង «ខុសគេ» ដើម្បីដាក់បញ្ចូលទៅក្នុងការបោះពុម្ពលើកទីបី របស់កម្ពុមេរា ប្រចាំឆ្នាំ២០១៧។ ក្រោយពេលដែលបានដឹងថា ខ្ញុំនឹងទៅលេងប៉ារីស ខ្ញូំបានប្រាប់សុបុត្រាឲ្យដឹង។ ក្រោយមក យើងក៏បានណាត់ជួបគ្នា​នៅ ស្ថានីយ៍រថភ្លើងក្រោមដី «មីស៊្សែល» នៅច្រកចេញទឹកធ្លាក់ (ខ្មែរយើងចំណាំហៅថានាគបាញ់ទឹក)។ ដោយសារគ្មានអ៊ីនធឺនែត​ ខ្ញុំក៏សម្រេចចិត្តចូលផឹកកាហ្វេមួយកែវនៅហាងកាហ្វេមួយឈ្មោះ​ Café Saint Severin Saint Michel ដើម្បីអាចទូរស័ព្ទទៅសុបុត្រា។ ក្រោយពីបានជួបគ្នា សុបុត្រាបាននាំខ្ញុំទៅទីកន្លែងជាច្រើន ហើយអ្វី ដែលពិសេសនោះគឺ គេបានប្រាប់ខ្ញុំអំពីរឿងរ៉ាវជាច្រើន ដែលទាក់ទងនឹងទីកន្លែង ដែលគេបាននាំខ្ញុំទៅ។ បើខ្ញុំដើរម្នាក់ឯង ខ្ញុំប្រាកដជាមិនបានដឹងនូវរឿងរ៉ាវទាំងអស់នោះទេ។ រឿងមួយគឺទាក់ទងនឹងរូបសំណាក ដែលនៅអ៊ឺរុប ដែលភាគច្រើនគេឆ្លាក់ជារូបមនុស្សស្រាត។ សុបុត្រា បាននិយាយថា ប្រជាជននៅអ៊ឺរុបគិតថា «គ្មានអ្វីល្អស្អាតជារូបរាងកាយរបស់មនុស្សនោះទេ!»។ សុបុត្រាក៏បាននិយាយពាក្យខ្មែរយ៉ាងច្បាស់ៗ ដែលស្ទើរតែមិនគួរឲ្យជឿថា ជាអណិកជនខ្មែររស់នៅទីក្រុងប៉ារីសជាង១០ឆ្នាំមកហើយនោះទេ។ ជាចុងក្រោយ គេបាននាំខ្ញុំទៅ Pavilion du Cambodge ដែលនៅទីនោះ​ ខ្ញុំបានឃើញកូនខ្មែរមួយចំនួន បានខិតខំចំណាយពេលថ្ងៃអាទិត្យ ទៅហាត់រៀនរបាំខ្មែរបូរាណ។

ទីបីគឺជាការជួបជុំរបស់មិត្តសិល្បករ ដែលកំពុងតែស្នាក់នៅ និងធ្វើការនៅទីក្រុងប៉ារីស។ នៅថ្ងៃទី២១ ខែវិច្ឆិកា ២០១៧ បងឆាត ភាសាត, ស្សង់បាទីស្ត៍ ភូ, នាង កាវិច និងបុរសខ្មែរម្នាក់ទៀត បានណាត់ជួបគ្នានៅស្ថានីយ៍ Cite​ ដើម្បីអានសំណៅបកប្រែរបស់ប្រលោមលោកប្រឌិតរបស់អ្នកនិពន្ធខ្មែរ សុទ្ធ ប៉ូលីន ដោយស្សង់បាទីស្ត៍។ ក្រោយមក យើងបានទីដល់កោះតូចមួយ ដែលមានដើមឈើមួយដើម ធ្លាក់មែកសាខាសំយ៉ុងចុះទៅក្នុងទឹកទន្លេសែន។ យើងបានអង្គុយចុះ ស្សង់បាទីស្ត៍ ក៏ចាប់ផ្តើមអានជាភាសាអង់គ្លេស។ ខ្ញុំបានស្តាប់ ហើយអ្វីដែលខ្ញុំបានស្តាប់ គឺជាអក្សរសិល្ប៍របស់សុទ្ធ ប៉ូលីន ដែលខ្ញុំធ្លាប់អានពិតប្រាកដមែន។ ខ្ញុំបានធុំក្លិនប៊ិករបស់គាត់ ខ្ញុំបានស្រមៃឃើញសកម្មភាពរបស់គាត់ ក្នុងការបើកបរនៅទីក្រុងប៉ារីស និងបានឃើញវិប្បដិសារីរបស់គាត់ ចំពោះអនាគតរបស់កម្ពុជា ដែលបានធ្លាក់ចូលក្នុងភ្លើងសង្រ្គាមកាលពីជំនាន់៧០។

អាន និងស្តាប់សំណៅបកប្រែរឿង Anarchist​ របស់អ្នកនិពន្ធ សុទ្ធ ប៉ូលីន ដោយស្សង់បាទីស្ត៍ នាមាត់ស្ទឹងសែនប៉ារីស

ខាងក្រោមនេះ គឺជាតំណកស្រង់អត្ថបទបកប្រែពីភាសាបារាំង មកអង់គ្លេស​ដោយស្សង់បាទីស្ត៍។

«… Goodbye, my little broken flower. But while you are lying down,
there are things I have to tell you… At this hour where I feel so lonely…
In the silence of this tragic night where even taxis don’t drive, I need to
confess, to deliver myself from a terrible secret that weigh on me more
heavily than a mountain. But who can I speak to, but to you… you only,
to your smashed head above all. »

ភាសាខ្មែរ បកប្រែដោយភីណា (មិនទាន់កែសម្រួល)។

«…លាហើយ, កំទិចផ្កាតូចបងអើយ! បងនៅមានរឿងរ៉ាវជាច្រើន ដែលត្រូវប្រាប់អូន នៅពេលដែលអូនប្រាសខ្លួនដេកទៅ…នៅវេលានេះ…វេលាដែលបងមានអារម្មណ៍ឯកា…ឱ!ភាពស្ងៀមស្ងាត់នៃរាត្រីដ៏ក្រៀមក្រោះដ៏គួរឲ្យរន្ធត់ សូម្បីតែតាក់ស៊ីក៏លែងរត់ដែរ។ បងត្រូវតែសារភាព ដើម្បីរំដោះខ្លួនបងចេញពីរឿងសម្ងាត់មួយ ដែលធ្ងន់ជាងភ្នំបានកប់សង្កត់មកលើខ្លួនបង។ បងអាចនិយាយទៅកាន់អូនតែម្នាក់ប៉ុណ្ណោះ តែម្នាក់ប៉ុណ្ណោះ! គឺនិយាយទៅកាន់អូន!…»

ពេលយើងដើរត្រលប់មកវិញ ស្សង់បាទីស្ត៍បានអានបន្តរហូតដល់ចប់។​ ពេលត្រលប់មកវិញ យើងបានចូលទៅហាងសៀវភៅភាសាអង់គ្លេស ខ្ញុំបានទិញសៀវភៅបួនក្បាល និងបានទទួលសៀវភៅមួយក្បាល ពីបងឆាតផងដែរ។ គួរឲ្យស្រឡាញ់ណាស់។

បងឆាតបានទិញសៀវភៅមួយក្បាលឲ្យ។

មួយទៀត គឺបានជួបជុំឡើងវិញជាមួយ បងហួរ ដែលយើងទាំងពីរបានបែកគ្នាតាំងពីឆ្នាំ២០០៦មក។ ខ្ញុំបានទៅស្នាក់នៅផ្ទះរបស់គាត់មួយយប់។ ពួកយើងបានទៅដើរកម្សាន្តទៅប្រាសាទ Chateau De Versailles ។ យើងបានថតរូបជាច្រើនសន្លឹក។ បងហួរ ជាអ្នកថតរូបដ៏ពូកែម្នាក់។

បានទេសភាពពីក្រោយយោង!

ខ្ញុំក៏ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារបងវណ្ណីផងដែរ។ ការយកចិត្តទុកដាក់ទាំងនេះ ពិតជាបានបញ្ជាក់ពីសន្តានចិត្តរាប់អានយ៉ាងស្មោះអស់ពីចិត្ត។

តើខ្ញុំអាចបំភ្លេចអនុស្សាវរីយ៍ដ៏ល្អៗទាំងនោះដូចម្តេចទៅ?