• Today is: Thursday, June 27, 2019

Memories from Myanmar

Phina So
July22/ 2016

រូបថតទាំងនេះ ធ្វើឱ្យខ្ញុំនឹកឃើញដល់ទស្សនកិច្ចសិក្សានៅប្រទេសភូមា ដ៏ស្រស់ត្រកាល និងមានប្រជាជនស្លូតត្រង់គួរឱ្យស្រលាញ់មិនអាចបំភ្លេចបាន។ រូបថតខាងក្រោមនេះ នឹងនាំលោកអ្នកឱ្យស្គាល់ពីទិដ្ឋភាពខ្លះៗ ពីប្រទេសមួយនេះ ដែលតែងតែប្រកាន់ភ្ជាប់នូវប្រពៃណីពីបូរាណបានយ៉ាង​ខ្ជាប់ខ្ជួន។

រូបថតដំបូងនេះ ជារូបភាពលក់សៀវភៅនៅផ្សាររាត្រី នាក្រុងមែនដាឡៃ ឬមែនដាលេ Mandalay (မန္တလေး) ដែលមានចម្ងាយប្រមាណជា ៦២៥​គីឡូុម៉ែត្រ​ពី​រដ្ឋធានីយ៉ាងហ្គូន Yangon។ នៅទីនោះ សៀវភៅត្រូវបានគេដាក់លក់នៅផ្ទាល់នឹងដី ដោយមានទាំងប្រជាជន និងព្រះសង្ឃផងដែរ ដែលបាននិមន្ត និងទៅទីញសៀវភៅនៅផ្សាររាត្រីនោះ។ ខ្ញុំបានអានសៀវភៅអំពីប្រទេសភូមា ជាពិសេសគឺរឿងរ៉ាវទាក់ទងនឹងអ្នកនិពន្ធ និងវប្បធម៌អាន។ ខ្ញុំបានដឹងថា ប្រទេសភូមា មានប្រពៃណីល្អប្រសើរណាស់ ទាក់ទងនឹងការនិពន្ធ និងការអាន។ អ្នកនិពន្ធភូមា ដើរតួនាទីយ៉ាងសកម្ម និងសំខាន់ណាស់ ក្នុងការបន្តទាមទារសិទ្ធិ សេរីភាព និងប្រជាធិបតេយ្យ។ បើទោះជា រដ្ឋាភិបាលយោធាបានរិតត្បិត ចាប់ដាក់គុក សម្លាប់យ៉ាងណាក៏ដោយ ក៏អ្នកនិពន្ធភូមា​ មិនរួញរាឡើយ។ បើទោះជាត្រូវរស់នៅក្នុងគុកក៏ដោយ ក៏ពួកគេនៅតែបន្តការសរសេរ និងការតស៊ូរបស់ពួកគេជានិច្ច។ សៀវភៅពីរក្បាល ដែលខ្ញុំបានអានគឺ «​PRISONER OF CONSCIENCE: My Steps through Insein»។ សៀវភៅបានរៀបរាប់ ដោយគ្មានលាក់លៀម អំពីជីវិតរបស់សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងអ្នកនិពន្ធ​ ដែលត្រូវបានចាប់ដាក់ក្នុងពន្ធនាគារ។ បន្ទាប់ពីអានរួចហើយ ខ្ញុំមានការគោរពកាន់តែខ្លាំងចំពោះ Ma Thida និងប្រពៃណីអក្សរសិល្ប៍នៃប្រទេសនេះកាន់តែច្រើន។

Ma Thida, Burmese writer, human rights activists the Prisoner of Conscience! (Photo: Silkworm Books)

និងមួយក្បាលទៀត គឺជាសៀវភៅ ដែលនិពន្ធដោយ Ma Thida មានចំណងជើងថា «The Road Map»។ សៀវភៅនេះក៏បានបរិយាយអំពីទិដ្ឋភាពទូទៅ និងប្រវត្តិនៃការតស៊ូរបស់និស្សិត និងអ្នកនិពន្ធ ក្នុងការទាមទារសិទ្ធិសេរីភាព។ សៀវភៅនេះ គឺកំសត់ណាស់ ស្ទើរតែទប់ទឹកភ្នែកមិនបាន ជាពិសេសនៅពេលដែលចំ​ តួអង្គកូន ពេលឃើញឪពុក ដែលជាវេជ្ជបណ្ឌិត និងអ្នកនិពន្ធល្បីឈ្មោះ ត្រូវជាប់ឃុំឃាំង និងមានខ្នោះឃ្នាងជាប់នឹងជើង និងត្រូវបានឆ្មាំគុក មើលងាយដូចសត្វធាតុ។

ដូចលោកអ្នកបានឃើញស្រាប់នៅក្នុងរូបភាពនេះ សៀវភៅត្រូវបានគេដាក់លក់នៅផ្សាររាត្រី នាក្រុង Mandalay។ អ្នកទិញ រួមទាំងព្រះសង្ឃផង!

(Photo: Phina So)
Book sales at a night market in Mandalay (Photo: So Phina and Chea Sopheap)

 

A puppet shop near Myanmar Marionette Theater in Mandalay!
2015 Living Arts Fellows at a tea shop in Yangon, Myanmar!
A drama performed at a local pagoda in Mandalay! We stayed up to 2 am!

យើងបានជួប May ដែលជាមិត្តជនជាតិភូមារបស់ខ្ញុំ។ គ្រួសាររបស់នាង មានដើមកំណើតជាជនជាតិហ្សាន។ នៅភូមា មានប្រជាជនជាច្រើន ហើយ​រស់​​​​នៅផ្តុំគ្នានៅតាមតំបន់ជាក្រុមៗ។ ជនជាតិហ្សានភាគច្រើន រស់នៅរដ្ឋហ្សាន ដែលមានព្រំដែនជាប់នឹងប្រទេសចិន​នៅទិសខាងជើង ខាងកើតជាប់​នឹង​ប្រទេសឡាវ និងជាប់ប្រទេសថៃនៅទិសខាងត្បូង។ រដ្ឋហ្សាន មានភាសា និងអក្សរហ្សាន និងអ្វីដែលគួរភ្ញាក់ផ្អើលនោះ នៅរដ្ឋហ្សាន គឺមានទូរទស្សន៍ និងភាពយន្ត ដែលនិយាយជាភាសាហ្សានទៀងផង។ May បានណាត់ជួបខ្ញុំ និងក្រុមការងាររបស់ខ្ញុំ នៅភោជនីយដ្ឋានហ្សានមួយ កន្លែងនៅទីក្រុង​ Yangon។ May បានបង្ហាញពីប្រពៃណីបដិសណ្ឋារកិច្ចរបស់ជនជាតិហ្សាន ដល់ពួកយើង ដោយចាប់ម្ហូបដាក់ចានរបស់យើង ស្ទើរតែគ្រប់ពេល​ទាំង​អស់។ លើសពីនេះទៀត May បានប្រាប់ឱ្យដឹងថា បដិសណ្ឋារកិច្ចរបស់ជនជាតិហ្សានគឺល្បីល្បាញ និងមានលក្ខណៈពិសេស។ ខ្ញុំគិតថាអ្វីដែល May បាននិយាយគឺពិតជា​​​ត្រឹមត្រូវណាស់។ សម្តីរបស់ May មួយម៉ាត់ទៀត បានប្រាប់ពីហេតុផល ដែលនាងស្លៀកពាក់ប្រពៃណី។ ពោលគឺដោយសារតែពូកគេបាន​ឃើញនូវ​គំរូរបស់លោកស្រី អង់សាន ស៊ូជី ដែលជានិច្ចជាកាល តែងតែស្លៀកពាក់ខោអាវប្រពៃណីជានិច្ច។ ដូច្នេះ នាងក៏យកតម្រាប់តាម។

(Photo: Chea Sopheap)
May and me at a Shan restaurant in Yangon, Capital City of Myanmar (Photo: Chea Sopheap)

រូបថតខាងក្រោមនេះ ជារួបថតរបស់ខ្ញុំ សុខនី និងស្រ្តីជនជាតិភូមា ដែលប្តីរបស់គាត់ជាមគ្គុទ្ទេសក៍របស់យើង។ គាត់បានអញ្ជើញពួកយើងទៅពិសា អាហារពេលល្ងាចនៅផ្ទះរបស់គាត់។ បន្ទាប់ពីពិសាបាយជុំគ្នារួចមក ពួកយើងក៏ចាប់ផ្តើមនិយាយអំពីម្សៅ ថាណាកា ដែលស្រ្តីជនជាតិភូមា តែងតែ​លាបនៅផ្ទៃមុខ ជាពិសេសនៅលើថ្ពាល់ទាំងសងខាង។ ម្សៅនេះ មានពណ៌សលាយលឿង ដែលមាននៅនឹងដើមឈើម៉្យាង រួចគេយកកំណាត់ឈើ​នោះមកត្រដុសនឹងថ្មរលីង ដោយមានលាយនឹងទឹកតិច។ ក្រោយមក គេក៏យករបាយដែលចេញពីកំណាត់ឈើនោះ មកលាបនឹងមុខ។ ពួកគេជឿ ថា ម្សៅថាណាកា អាចការពារមុខមិនឱ្យកើតមុន បំបាត់ភាពរមាស់កន្ទួល និងផ្តល់សំណើមដល់ស្បែក។ គ្រាន់តែនិយាយពី ថាណាកា មិនទាន់រួច​ពីមាត់ផង ម្ចាស់ផ្ទះស្ទុះទៅដុសឱ្យភ្ញៀវភ្លាម​ លាបរួចក៏បានរូបថតនេះផងដែរ។

(រូបថត៖ ជា សុភាព)
សាកល្បងលាបម្សៅថាណាកា (រូបថត៖ ជា សុភាព)
Applying Thanaka!

ម្ចាស់ផ្ទះ កំពុងលាបម្សៅថាណាកាឱ្យកូនស្រីរបស់គាត។

(រូបថត៖ ជា សុភាព)
(រូបថត៖ ជា សុភាព)

រូបក្អមទឹកសម្រាប់អ្នកដំណើរនៅក្រុងមែនដាលេ ដែលស្ទើរតែរកគ្មាននៅកម្ពុជានាពេលបច្ចុប្បន្ន។

(រូបថត៖ សូ ភីណា)